Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទិន្នផលស្រូវដើមរដូវរបស់ប្រជាកសិករខេត្តព្រៃវែងមានការកើនជាងឆ្នាំមុន ហើយមានតម្លៃសមរម្យ

    BY Khmerpress August 23, 2023
    ទិន្នផលស្រូវដើមរដូវរបស់ប្រជាកសិករខេត្តព្រៃវែងមានការកើនជាងឆ្នាំមុន ហើយមានតម្លៃសមរម្យ

    ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានមន្ទីរកសិកម្មខេត្ត ព្រៃវែង បានឱ្យដឹងថា ទិន្នផលស្រូវដើមរដូវរបស់ប្រជាកសិករខេត្តព្រៃវែងមានការកើនជាងឆ្នាំមុន ហើយមានតម្លៃសមរម្យ ដែលជួយផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកនិងការនាំចេញ។

    លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រហូតមកដល់ពេលនេះ ការប្រមូលផលស្រូវដើមរដូវវស្សារបស់ប្រជាកសិករនៅក្នុងខេត្ត គឺមានលក្ខណៈល្អប្រសើរ ដោយសារឆ្នាំនេះមានទឹកគ្រប់គ្រាន់ ស្រូវទទួលបានទិន្នផលខ្ពស់ ជាងឆ្នាំកន្លងទៅបើប្រៀបធៀបនឹងរយៈពេលដូចគ្នា ខណៈតម្លៃក៏សមរម្យ ដែលអាចជួយសម្រួល ដល់ជីវភាពរបស់ពួកគាត់។

    លោកប្រធានមន្ទីរ បានបន្ដទៀតថា ខេត្ដព្រៃវែង ស្ថិតនៅតំបន់វាលរាប និងវាលទំនាបត្រើយខាងកើតទន្លេមេគង្គ គឺជាខេត្តមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ពិសេសដំណាំស្រូវ ដោយទាំងស្រូវវស្សា ស្រូវប្រាំង និងផ្ទៃដីដាំដុះដំណាំរួមផ្សំផ្សេងៗ។

    សំឡេង៖ «ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៣នេះ បើយើងគិតមកដល់ពេលនេះការ អនុវត្តនៅលើផ្ទៃដីសរុបប្រមាណជា ២៤៣ ២៩៨ ហិកតា ស្មើនឹង ៩៧,៣២ភាគរយនៃផែនការ ២៥០ពាន់ យើងសង្កេតឃើញថាខ្ពស់ជាងប្រមាណជាង ១១ ៧៦៧ ហិកតាបើប្រៀបធៀបនឹងរយៈពេលដូចគ្នា»។

    លោក អ៊ុក សំណាង បានឱ្យដឹងទៀតថា ខេត្តព្រៃវែង ជាខេត្ត ជាប់លំដាប់ថ្នាក់លេខមួយ លើការ ផលិតស្រូវច្រើនជាងគេនៅកម្ពុជាចំនួន ៣ឆ្នាំជាប់គ្នា ដែលជាមធ្យមផលិតបានជាង ១លានតោនក្នុងមួយឆ្នាំ ខណៈ ៥ឆ្នាំចុងក្រោយនេះ ខេត្តនេះរកចំណូលបានពីការនាំ ចេញស្រូវប្រមាណជាង ១ពាន់លានដុល្លារ ដោយសារខេត្តព្រៃវែង ជាខេត្តអំណោយផលទទួលដីភក់ពីទន្លេ ស្ទឹង និង ព្រែកមួយចំនួននាំយកមកចាក់ក្នុងស្រែចម្ការនានានៅក្នុងរដូវវស្សា ទើបធ្វើឱ្យមានជី ជាតិល្អងាយស្រួលដាំដុះស្រូវ និងដំណាំផ្សេងៗនៅក្នុងវិស័យកសិកម្ម និង ប្រមូលជលផលផ្សេងៗ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: