Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន មានគោលដៅ២ ក្នុងការចេញទៅហាត់លើកទី២ នៅចិន

    BY Khmerpress August 24, 2023
    ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន មានគោលដៅ២ ក្នុងការចេញទៅហាត់លើកទី២ នៅចិន

    (ភ្នំពេញ)៖ ម្ចាស់មេដាយមាសកីឡាអត្តពលកម្ម នៅស៊ីហ្គេម ឈុន ប៊ុនថន រួមជាមួយប្រតិភូ និងកីឡាករ-កីឡាការិនីចំនួន ១១ប្រភេទ ស្មើនឹង ១៣៥នាក់ បានធ្វើដំណើរទៅប្រទេសចិនហើយនាល្ងាចថ្ងៃទី២៣ ខែសីហា ដើម្បីបន្ដការហ្វឹកហាត់ ក្រោមជំនួយកម្មវិធីអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលមានការជូនដំណើរពីលោក ប៊ុន សុខ អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានកីឡា និងលោក ណយ ផាណា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

    ជាមួយបេសកកម្មបោះជំរំហ្វឹកហាត់រយៈពេលវែងលើកទី២ នៅប្រទេសចិនខាងលើនេះ ឈុន ប៊ុនថន បានបង្ហាញពីគោលដៅធំៗ២ ដែលខ្លួននឹងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីចូលរួម ទី១-ត្រៀមចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ដែលនឹងធ្វើការប្រកួតពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ និងទី២-ត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

    ប៊ុនថន បន្ដថា «ផែនការនេះ យើងចង់ប្រកួតឲ្យទទួលបានលទ្ធផលល្អមួយ ដើម្បីបង្ហាញពីសក្ដានុពលកីឡារបស់កម្ពុជាទៅអន្ដរជាតិ។ ដូច្នេះការហ្វឹកហាត់នៅចិន គឺល្អ ហើយខ្ញុំជឿជាំក់ថា ខ្ញុំនឹងអាចបំបែកសមិទ្ធផលថ្មីបន្ថែមទៀត ដោយសារហាត់នៅទីនោះ ត្រូវហាត់ជាមួយគ្រូកម្រិតខ្ពស់ គួបផ្សំនឹងការលះបង់ ខំប្រឹង និងតស៊ូ របស់យើងផ្ទាល់។ ជារួមមានកត្ដា ៤ ដែលធ្វើឲ្យខ្ញុំជឿជាក់ ទី១-អ្នកគ្រប់គ្រងកីឡាយើង ទី២-កត្ដាគ្រូបង្វឹក ៣-កត្ដាកីឡាករផ្ទាល់ (តាំងចិត្ត និងខំប្រឹងហាត់) និងទី៤-អ្នកគាំទ្រ ដែលជាកត្ដាធ្វើឲ្យយើងកាន់តែមានទឹកចិត្តហ្វឹកហាត់កាន់តែរីកចម្រើន»

    ត្រឡប់មកចាប់អារម្មណ៍គោលដៅទី១ របស់ម្ចាស់មេដាយមាសស៊ីហ្គេមដដែលបានបញ្ជាក់ថា «សម្រាប់កីឡាអាស៊ី ខ្ញុំគ្រាន់តែមានគោលដៅចង់បំបែកសមិទ្ធផល ឬកំណត់ត្រាចាស់ខ្ញុំ លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រពី ១នាទី និង ៥០វិនាទី មក ១នាទី និង ៤៩វិនាទី គឺល្អហើយ។ ដោយសារតែក្រោយពីការប្រកួតស៊ីហ្គេម យើងហ្វឹកហាត់នៅកម្ពុជា មិនបានហ្វឹកហាត់នៅចិនទេ។ ទោះបីយើងខំប្រឹងហ្វឹកហាត់នៅកម្ពុជាបានល្អ ប៉ុន្ដែនៅចិនសម្ពាធបរិយាកាសខ្ពស់ ដែលអំណោយផលសម្រាប់ការហ្វឹកហាត់»។

    «ចំពោះលទ្ធផល បើសិនជាខ្ញុំមានឱកាសក្នុងការហ្វឹកហាត់រយៈពេល ១ឆ្នាំពេញ ជឿជាក់ថា ខ្ញុំអាចទទួលបានជ័យជម្នះ។ ប៉ុន្ដែលទ្ធផលយើងបានឃើញជាក់ស្ដែងក្នុងការប្រកួតជើងឯកអាស៊ី នៅថៃ កាលពីថ្មីៗ ខ្ញុំឈរចំណាត់ថ្នាក់លេខ១១ ក្នុងចំណោម ៤៥ប្រទេស។ អ៊ីចឹងបើយើងឡើងមកលេខ១០ ក្នុងការប្រកួតកីឡាអាស៊ីនេះ ខ្ញុំគិតថា វាល្អមែនទែន។ ដូច្នេះគោលដៅកីឡាអាស៊ី សម្រាប់ខ្ញុំ គឺស្វែងរកចំណាត់ថ្នាក់ Top-10 ដែលជាទុនមួយ សម្រាប់ខ្ញុំឈានរកកីឡាអូឡាំពិក ដែលធ្វើឲ្យខ្ញុំកាន់តែមានទឹកចិត្ត និងបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត»។ ឈុន ប៊ុនថន បន្ថែម។

    គួរបញ្ជាក់ថា ដោយសារអាហារូបករណ៍ នៃកម្មវិធីជំនួយអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅសល់ប្រមាណ ៩០ថ្ងៃទៀត កម្ពុជាក្រោមការសម្របសម្រួលរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១៣៦នាក់ លើ ១១ប្រភេទកីឡា ទៅហ្វឹកហាត់ជាលើកទី២ រហូតដល់ដំណាច់ឆ្នាំ២០២៣។ ប៉ុន្ដែក្នុងចំណោមកីឡាទាំងអស់ ភាគច្រើនក៏នឹងត្រូវត្រៀមការប្រកួតកីឡាអាស៊ី លើកទី១៩ នាខែក្រោយនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: