Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នំអន្សមជ្រូកខេត្តស្ទឹងត្រែង ត្រូវបានដាក់បញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ

    BY Khmerpress August 24, 2023
    នំអន្សមជ្រូកខេត្តស្ទឹងត្រែង ត្រូវបានដាក់បញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នំអន្សមជ្រូកឆ្ងាញ់ប្រចាំតំបន់ នៅខេត្តស្ទឹងត្រែង ត្រូវបានអគ្គលេខាធិការដ្ឋានភូមិមួយផលិត ផលមួយ ចងក្រងជាសមាជិកចលនាភូមិមួយផលិតផលមួយ ដើម្បីលើកគុណតម្លៃផលិតផល និងបានរក្សានូវ មរតកដូនតាផង។

    ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយមានផលិតផលមួយនៅសាលា ខេត្តស្ទឹងត្រែងនាថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣ លោក ផល សុជាតិ អគ្គលេខាធិការភូមិមួយផលិតផលមួយ មានប្រសាសន៍ថា៖ ភូមិមួយមានផលិតផលមួយ ជាកតាលីករសំខាន់ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការលើក កម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានប្រសើរឡើង។

    ឯកឧត្តមបន្តថា៖កត្តាសំខាន់ចំពោះកិច្ចការងារនេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវដឹងនិងជំរុញការគិតជាសាកល ជំរុញឱ្យមានការផលិតប្រកបដោយការច្នៃប្រឌិតខ្ពស់រស់រវើក និងជំរុញឱ្យមានការអភិវឌ្ឍធនធានមនុស្សបន្ថែម ។

    ឯកឧត្តមលើកឡើងថា ៖ « អ៊ីចឹងថ្ងៃនេះខ្ញុំមកដល់ខេត្តស្ទឹងត្រែងយើងគឺខ្ញុំសង្ឃឹមមុតមាំថា យើងនឹងមានការធ្វើឱ្យមានភាពប្រែប្រួលជាវិជ្ជមានក្នុងកម្រិតណាមួយ ទៅលើការងារជំរុញចលនា ភូមិមួយផលិត ផលមួយ នៅខេត្តស្ទឹងត្រែងរបស់យើងនេះ ដោយមន្ត្រីពាក់ព័ន្ធទាំង អស់អត់ត្រូវការឱ្យអស់លោកលោក ស្រីបរិច្ចាគធនធានផ្ទាល់ខ្លួន សម្រាប់ធ្វើការទេ ក៏ប៉ុន្តែសុំបង្កើនការទទួលខុសត្រូវ និងផ្តល់សេវារបស់ខ្លួន ទៅដល់ប្រជាពលរដ្ឋ តាមជំនាញវិស័យរបស់ខ្លួនឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព»។

    លោកស្រី ង៉ែត សុភា អ្នកប្រកប របរវេចនំអន្សមជ្រូកឆ្ងាញ់ នៅភូមិព្រែកសង្កាត់ក្រុងស្ទឹងត្រែងបានអះអាងថា៖ មុខរបរនេះលោកស្រីបង្កើតឡើងរយៈ​ពេលជិត៦ឆ្នាំមកហើយ បច្ចុប្បន្នមានអតិថិជនបញ្ជា ទិញយកទៅលក់បន្តនៅតាមបណ្តាខេត្តនានា។ លោកស្រីបន្តថា៖ពេលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ ភូមិមួយផលិតផលមួយនេះហើយ ក្នុងនាមម្ចាស់ផលិត អ្នកស្រីនឹងបង្កើនភាពច្នៃប្រឌិតផលិតផល នេះ ឱ្យកាន់តែមានគុណភាព និងបរិមាណសម្រាប់បំពេញសេចក្តីត្រូវការជូនអតិថិជន ។

    សូមបញ្ជាក់ថា៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិត ផលមួយ បានធ្វើការចុះបញ្ជីផលិត ផលជាផ្លូវការទាំងសហគ្រាសផលិត កសិពាណិជ្ជកម្ម និងផលិត ករបានចំនួន៤៤៧មុខ រួចមកហើយសម្រាប់២៥ខេត្តក្រុងទូទាំងប្រទេស ដើម្បីលើកគុណតម្លៃផលិតផលរបស់ខ្មែរយើង៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: