ព័ត៌មានជាតិ September 4, 2023

រដ្ឋមន្ត្រីក្រសួងការងារ បង្ហាញពីជំនួយស្មារតី និងនិយមន័យនៃភាពមានការងារធ្វើ

Naren

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញអំពីជំនួយស្មារតី និងនិយមន័យនៃភាពមានការងារធ្វើ ដែលកំណត់ដោយអង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារអភិវឌ្ឍអាស៊ី និងអង្គការអន្តរជាតិខាងការងារ (ILO)។

ក្នុងសេចក្ដីបង្ហាញនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា អង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារអភិវឌ្ឍអាស៊ី និងអង្គការអន្តរជាតិខាងការងារ (ILO) បានឯកភាពគ្នាកំណត់លើនិយមន័យនៃភាពមានការងារធ្វើដោយសំដៅលើអ្នកមានអាយុ១៥ឆ្នាំឡើង ដែលក្នុងរយៈពេលមួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ បានចូលរួមក្នុងសកម្មភាពធ្វើការងារ ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញបើទោះបីជាធ្វើការនៅបរទេស ឬក្នុងស្រុកក៏ដោយ ហើយបើទោះបីជាកំពុងមានជំងឺ សម្រាកពីការងារ ជួបគ្រោះថ្នាក់ការងារ កំពុងសិក្សា ឬកំពុងទទួលបានការបណ្តុះបណ្តាល ឬក្នុងពេលលំហែរមាតុភាពក្តីក៏ចាត់ទុកថាមានការងារដែរ។
និយាយជារួម អង្គការអន្តរជាតិទាំងនេះឱ្យនិយមន័យយ៉ាងសាមញ្ញថា អ្នករត់មូតូកង់បី អ្នករត់ស៊ីក្លូ ឬអ្នកលក់នំចំណី អ្នកស្រែចម្ការ ឬធ្វើរបរកសិកម្មផ្សេងៗ ឱ្យតែធ្លាប់ធ្វើការបាន៧ថ្ងៃក្នុងមួយខែក៏សុទ្ធតែរាប់អ្នកមានការងារទាំងអស់។ នេះគឺជាអត្ថន័យដែលកំណត់ជាសកល ហើយត្រូវបានយកជានិយាមវាស់វែងរកភាគរយនៃអ្នកមានការងារធ្វើ ឬអត់មានការងារធ្វើ។

ដោយឡែក និយមន័យនៃអ្នកអត់មានការងរធ្វើវិញ គឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងអាយុធ្វើការ ដែលមិនមានការងារ និងកំពុងស្វែងរកការងារ និងអាចទទួលយកឱកាសការងារ ឬអាចធ្វើការងារបានប្រសិនបើមាន។ និយមន័យនេះ គឺត្រូវបានកំណត់ជាសកល និងអន្តរជាតិដែលគ្រប់គ្នាទទួលស្គាល់។

យោងតាមនិយមន័យខាងលើនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជា ជាទូទៅ តែងមានចំនួនអត្រាអ្នកអត់ការងារធ្វើទាប ដោយប្រជាជនភាគច្រើនបំផុតមានការងារធ្វើ ដែលអាចជាការងារក្នុងវិស័យកសិកម្ម ឬការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។ តាមនិយមន័យនេះ ទិន្នន័យដែលបានទាញចេញពីអង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើ នៅក្នុងកម្រិតមួយទាបប្រមាណ ១% ហើយកម្រិតនៃអត្រាអ្នកអត់ការងារធ្វើនេះ គឺទាបជាងគេប្រសិនបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលកម្ពុជា និងទាបជាងបណ្តាប្រទេសនានានៅក្នុងតំបន់ ដូចជាប្រទេសថៃ វៀតណាម និងឡាវជាដើម។

ជាក់ស្តែង ក្នុងឆ្នាំ២០២៣នេះ អង្គការ ILO បានប៉ាន់ស្មានថាប្រទេសកម្ពុជាមានអត្រាអ្នកអត់ការងារធ្វើប្រមាណ ០.៣% ប៉ុណ្ណោះ។
និយមន័យនេះត្រូវបានសកលនៅទូទាំងពិភពលោកប្រើប្រាស់ដើម្បីប្រមូលទិន្នន័យ និងផលិតស្ថិតិទាក់ទងនឹងអ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ ហើយគ្មានប្រទេសណាមួយ រួមទាំងកម្ពុជាផង អាចផ្លាស់ប្តូរនិយមន័យនេះបានឡើយ។

ខាងក្រោមនេះមានភ្ជាប់ពីរបៀបគណនាពីចំនួនអ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ រួមទាំងស្ថិតិនៃភាពមានការងារធ្វើរបស់កម្ពុជា និងបណ្តាប្រទេសក្នុងតំបន់៖

ផ្តល់សិទ្ធិដោយ៖ Fresh News