Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការនគរបាលខេត្តព្រៃវែង ចាត់វិធានការឲ្យប្រមូលសិស្សគេចវេសមិនចូលសាលារៀន យកមកអប់រំ

    BY Naren September 6, 2023
    ស្នងការនគរបាលខេត្តព្រៃវែង ចាត់វិធានការឲ្យប្រមូលសិស្សគេចវេសមិនចូលសាលារៀន យកមកអប់រំ

    (ព្រៃវែង)៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានចាត់វិធានការប្រមូលសិស្សសាលាដែលគេចវេសមិនចូលរៀន ទៅប្រមូលផ្ដុំគ្នាលេងហ្គេម លេងទូរស័ព្ទ និងជួបជុំពពាក់ពពូនគ្នាមកអប់រំណែនាំ ធ្វើកិច្ចសន្យានៅតាមអធិការដ្ឋាននគរបាល និងអញ្ជើញអាណាព្យាបាល ឪពុកម្ដាយ មកធានាឱ្យត្រឡប់ទៅផ្ទះវិញ ដោយមានការដឹងឮពីលោកគ្រូ អ្នកគ្រូ និងនាយកសាលាផងដែរ។

    លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ការអនុវត្តបែបនេះ មើលមួយភ្លេតទៅហាក់ឆ្ងាយពីតួនាទីភារកិច្ចរបស់នគរបាលបន្តិច ហើយអាចរងការរិះគន់ថាប៉ះពាល់សិទ្ធិសេរីភាពរបស់សិស្សសាលាទាំងនោះ ក៏ប៉ុន្តែលោកស្នងការ បានសង្កត់ធ្ងន់ថា បើនគរបាលមិនចូលរួមធ្វើទេនោះ ក្មេងៗជាច្រើនអាចនឹងបោះបង់ការសិក្សាចោលដោយសាររៀនមិនទាន់គេ ឬគ្មានឈ្មោះប្រឡងជាដើម ។ល។ ពីព្រោះតែកម្មវិធីសិក្សាបច្ចុប្បន្នគឺតឹងតែងខ្លាំងណាស់។

    លោកស្នងការបន្តថា ភាគច្រើនក្មេងៗដែលពពាក់ពពូនជុំៗគ្នាបែបនេះ មិនយូរទេនឹងបង្កើតជាក្រុមបងធំបងតូចប្រព្រឹត្តអំពើមិនគប្បី ឬអាចឈានទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលសង្គមស្អប់ខ្ពើម ការនេះហើយចៀសពីនគរបាល ចេញអន្តរាគមន៍មិនរួច។

    លោកឧត្តមសេនីយ៍ទោស្នងការបានបន្តទៀតថា បើលោកគ្រូ អ្នកគ្រូ អាណាព្យាបាល ឪពុកម្តាយ ប្រជាពលរដ្ឋ ឬនគរបាលមិនចូលរួមកែតម្រូវបញ្ហានេះទេ អនាគតក្មេងៗទាំងនោះអាចក្លាយទៅជាជំងឺសង្គម ដែលត្រូវតាមព្យាបាល គ្មានដែនកំណត់។ ម្យ៉ាងការអភិវឌ្ឍប្រទេសជាតិក៏នឹងជួបការលំបាកដោយសារតែក្មេងៗ សិស្សសាលាដែលយើងមើលឃើញសព្វថ្ងៃអនាគត គឺជាអ្នកមានចំណែកចូលរួមសម្រេចជោគវាសនាជាតិផងដែរ។

    ក្រោយទទួលការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលទាំង១៣ ក្រុង-ស្រុក ចាប់ផ្តើមចូលធ្វើវេទិកាផ្សព្វផ្សាយដល់ក្នុងសាលារៀន និងចាប់ប្រមូលក្មេងៗគេចវេស មិនចូលសាលារៀនមកធ្វើការអប់រំបានច្រើនករណី។

    សូមជម្រាបថា ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមជម្រាបដល់អាណាព្យាបាល ឪពុកម្តាយ លោកគ្រូអ្នកគ្រូដែរថា ការអនុវត្តកិច្ចការនេះនឹងធ្វើដូចភ្លៀងរលឹម និងតឹងរឹងពីមួយថ្ងៃទៅមួយថ្ងៃ និងសំណូមពរប្អូនៗសិស្សានុសិស្ស ទាំងអស់ក្នុងខេត្តព្រៃវែង ខិតខំរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ បម្រើសង្គមជាតិ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ព្រោះប្អូនៗទាំងអស់គ្នា គឺជាទំពាំងស្នងឫស្សី សូមធ្វើខ្លួនជាទំពាំងស្នងឫស្សីដ៏មានគុណភាព ដែលប្រទេសជាតិត្រូវការ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: