Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្សែការពារ ជួន ចាន់ចាវ វះកាត់ដោយជោគជ័យ ពីរបួសធ្ងន់ក្នុងជំនួបទល់នឹងម្ចាស់ផ្ទះ ISI

    BY Khmerpress December 25, 2023
    ខ្សែការពារ ជួន ចាន់ចាវ វះកាត់ដោយជោគជ័យ ពីរបួសធ្ងន់ក្នុងជំនួបទល់នឹងម្ចាស់ផ្ទះ ISI

    (ភ្នំពេញ)៖ ខ្សែការពារដ៏សំខាន់របស់ក្រុមភ្នំពេញក្រោន និងជម្រើសជាតិកម្ពុជា ជួន ចាន់ចាវ បានរងរបួសកជើងខាងស្ដាំធ្ងន់ធ្ងរ រហូតតម្រូវឲ្យធ្វើការវះកាត់ភ្លាមៗ ក្រោយប៉ះទង្គិចគ្នា ក្នុងជំនួបទល់ក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ក្នុងសប្ដាហ៍ទី១៥ នៃលីគកំពូលកម្ពុជាកាលពីយប់មិញ។

    យោងតាមការជូនដំណឹងរបស់ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ បានបញ្ជាក់ថា ចាន់ចាវ បានធ្វើការវះកាត់ដោយជោគជ័យហើយ ហើយក្លិបក៏បានអរគុណអ្នកគាំទ្របាល់ទាត់ជាតិដែលបានបារម្ភ និងលើកទឹកចិត្តសមាជិករបស់ខ្លួន បន្ទាប់ពីរងរបួសក្នុងការប្រកួតកាលពីយប់មិញផងដែរ។

    គួរដឹងថា ជួន ចាន់ចាវ គឺជាសមាជិកដ៏សំខាន់របស់ក្រោន ដែលបានរួមចំណែកជួយក្លិបនាពេលកន្លងមក ពិសេសថ្មីៗនេះ គេទើបរួមចំណែកជួយក្រុមសិង្ហក្រហម បើកទំព័រប្រវត្តិសាស្ដ្រថ្មី ក្នុងការឆ្លងផុតវគ្គចែកពូល និងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2023-24 ដែលត្រូវជួបក្រុមអូស្ដ្រាលី Central Coast Mariners នាពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។

    ការបង្ហាញខ្លួនដ៏ល្អលើទីលាននេះដែរនាំឲ្យ ចាន់ចាវ ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាជាបន្ដបន្ទាប់ ជាក់ស្ដែងថ្មីៗនេះ រូបគេក៏ត្រូវបានកោះហៅចូលរួមជាមួយក្រុមគោព្រៃ ដើម្បីត្រៀមការប្រកួតមិត្តភាពលក្ខណៈសាកល្បងសមត្ថភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិកាតា នៅទីក្រុងដូហា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ចុងសប្ដាហ៍នេះផងដែរ។

    ដូច្នេះផ្អែកលើស្ថានភាពរបស់ ជួន ចាន់ចាវ បច្ចុប្បន្នរូបគេទំនងនឹងត្រូវសម្រាករយៈពេលយូរ ដើម្បីព្យាបាលរបួស ហើយក៏មិនអាចជួយជម្រើសជាតិកម្ពុជា ក្នុងការប្រកួតសាកល្បងសមត្ថភាពជាមួយក្រុមជម្រើសជាតិកាតា ក៏ដូចជាជួយក្រុមភ្នំពេញក្រោន ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់នៃពានរង្វាន់ AFC Cup 2023-24 នាពេលខាងមុខផងដែរ។ បែបនេះក្ដី អ្នកគាំទ្របានជូនពរ ចាន់ចាវ ឆាប់ជាសះស្បើយ នឹងអាចត្រឡប់ចូលទីលានវិញឆាប់ៗ ដើម្បីជួយក្លិប និងក្រុមជម្រើសជាតិកម្ពុជាបន្ដទៀត។

    សូមបញ្ជាក់ដែរថា ចាន់ចាវ បានរងរបួសនៅនាទី៤៨ ស្របពេលក្រុមភ្នំពេញក្រោនបានរក្សាលទ្ធផលស្មើគ្នា ០-០ ជាមួយក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ។ បន្ទាប់មកទើបកីឡាករ Shimizu Shintaro និង Andres Neito រកបានម្នាក់ ១គ្រាប់ ជួយឲ្យក្រុមសិង្ហក្រហម យកឈ្នះក្រុមកំពុងឡើងជើង ISI ដង្កោសែនជ័យ ក្នុងជំនួបជើងទី២ នេះតែម្ដង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: