សហព័ន្ធដាក់ក្ដីរំពឹងធំៗ ៣ ក្រោយបង្កើតព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ដែលមានប្រាក់រង្វាន់ ៦០លានរៀល
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំការប្រកួតលីគបាល់ទះសម្ដេចតេជោ ហ៊ុន សែន ដែលឲ្យឈ្មោះថា (តេជោលីគ ឬ TECHO Volleyball Cambodia League 2023/24) ដែលគ្រោងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយក្រុមជើងឯក នឹងទទួលបានពាន អមប្រាក់រង្វាន់ ៦០លានរៀល។ ជាមួយគ្នានេះមន្ដ្រីសហព័ន្ធបានដាក់ក្ដីរំពឹងធំៗ ៣ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា តេជោលីគ គឺជាលីគអាជីពលើកដំបូង ក្នុងប្រវត្តិសាស្ដ្របាល់ទះកម្ពុជា ដែលសហព័ន្ធបានកំណត់ក្រុមមានគុនភាព ៨ក្រុមចូលរួមប្រកួត ដើម្បីស្វែងរកការទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាបាល់ទះអាស៊ី និងសហព័ន្ធកីឡាបាល់ទះពិភពលោក ដើម្បីបើកឱកាសឲ្យក្លិប ឬក្រុមជម្រើសជាតិកម្ពុជាចូលរួមពានរង្វាន់អន្ដរជាតិនានា។
មន្ដ្រីជាន់ដដែលបានបង្ហាញក្ដីរំពឹងយ៉ាងដូច្នេះថា «ទី១-តេជោលីគ នឹងកែប្រែមុខមាត់ថ្មីរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ចារជាប្រវត្តិសាស្ដ្រ ក្នុងព្រឹត្តិការណ៍មួយថា កម្ពុជាចាប់ផ្ដើមមានលីគអាជីពហើយ។ ទី២-យើងនឹងអាចមានលទ្ធភាពបញ្ជូនក្លិបទទួលបានជយលាភីពីតេជោលីគ ទៅលេងពាន Club Championship ឬ AVC Challenge Cup និងទី៣-នៅពេលលីគរបស់យើង ត្រូវបានទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទះពិភពលោក ក្រុមជម្រើសជាតិរបស់យើង ក៏យើងអាចមានឱកាសលេង Challenge Cup នានា»។
លោកបន្ថែមទៀត នៅពេលបាល់ទះកម្ពុជា មានឱកាសចូលរួមការប្រកួតពានរង្វាន់អន្ដរជាតិ ឬ Challenge Cup នានា ចំណាត់ថ្នាក់បាល់ទះកម្ពុជា ក៏នឹងត្រូវចុះបញ្ជីក្នុងសហព័ន្ធកីឡាបាល់ទះពិភពលោក ដែលកម្ពុជាអាចធ្លាក់មកឈរលេខខ្ទង់៥០ ដូចប្រទេសក្នុងតំបន់ មានហ្វីលីពីន វៀតណាម ថៃ និងឥណ្ឌូនេស៊ីជាដើម ដ្បិតកន្លងមកកម្ពុជា បានឈរចំណាត់ថ្នាក់លេខ១៤១ មិនព្រមធ្លាក់ចុះ ព្រោះកម្ពុជា មិនទាន់មានលីគ និងចូលរួមប្រកួតពានរង្វាន់អន្ដរជាតិនានា ដែលរៀបចំដោយស្ថាប័នក្នុងតំបន់ ទ្វីប និងពិភពលោកនៅឡើយ។
គួរដឹងថា បេក្ខភាព ៨ក្រុម ដែលត្រូវប្រជែងជើងឯកតេជោលីគ គឺមានក្រុមវិសាខា, ក្រសួងមហាផ្ទៃ, បញ្ជាការដ្ឋានអង្គរក្ស, កងពលធំអន្តរាគមន៍លេខ៣, រដ្ឋបាលរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ស្នងការដ្ឋាននគរបាលពោធិសាត់ និងស្នងការដ្ឋាននគរបាលកណ្តាល។ ចំពោះរូបមន្ដប្រកួតបែងចែកជា ៣ជុំ ក្នុងនោះជុំទី១ ក្រុមទាំង ៨ ត្រូវជួបគ្នា ១ជើង បន្ទាប់មកក្រុមឈរលេខ១ ដល់លេខ៦ នឹងត្រូវជួបគ្នា ១ជើងទៀត នៅជុំទី២ ដើម្បីចម្រាញ់យកក្រុមខ្លាំង ៤ក្រុមចុងក្រោយ ឡើងជុំទី៣ ដែលជាការប្រកួតខ្វែងរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ។
សម្រាប់ព្រឹត្តិការណ៍លីគបាល់ទះអាជីពលើកដំបូង ដែលនឹងគោរពតាមលក្ខន្ដិកៈសហព័ន្ធអន្ដរជាតិនេះ នឹងអនុញ្ញាតឲ្យក្លិបចូលរួមទាំងអស់ ប្រើប្រាស់កីឡាករបរទេស ៣នាក់លើទីលានប្រកួត។ បន្ថែមលើនេះ សហព័ន្ធក៏បានលើកទឹកចិត្តនាំចូល និងប្រើប្រាស់កីឡាករបរទេសឲ្យបានច្រើន ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ដែលជាឱកាសសម្រួចសមត្ថភាព និងបច្ចេកទេសកីឡាករកម្ពុជា ដើម្បីផលិតបាននូវធនធានក្រុមជម្រើសជាតិកម្ពុជាកាន់តែមានគុណភាពខ្ពស់ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បញ្ជាក់បន្ថែម៕ ផ្តល់សិទ្ធិដោយ៖ freshnews






