មុខសញ្ញាបក្ខពួកមេក្លោងក្រុមលួចអីវ៉ាន់តាមបណ្ដារោងចក្រ សហគ្រាស ក្នុងខេត្ដកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីយប់ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចរោងចក្រ Wester Fashion Cambodia ស្ថិតនៅភូមិវត្ដភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ (តាមផ្លូវជាតិលេខ៥១) មានករណីលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយដំបូលស័ង្កសី ជញ្ជាំងបង្កឡើងដោយជនល្មើសមួយក្រុមមិនស្គាល់អត្ដសញ្ញាណនិងបាត់បង់សម្ភារទំនិញមួយចំនួនធំ គិតជាទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
ក្រោយហេតុការណ៍ខាងលើ ដោយមានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងបានការដឹកនាំផ្ទាល់ពីលោកស្នងការរង ទទួលជំនាញព្រហ្មទណ្ឌ អធិការស្រុកសាមគ្គីមុនីជ័យ ព្រមទាំងជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបក្ខពួកមេក្លោងបានចំនួន ០៥នាក់ រួមជាមួយមេក្លោងម្នាក់ដែលសង្ស័យក្នុងអំពើលួច ផ្ដល់មធ្យោបាយសម្ភារ និងទទួលយកសម្ភារដែលលួចបានឈ្មោះ ម៉ន ជាតិ ភេទប្រុស មុខរបរ ជានគរបាលជាតិ និងជាម្ចាស់ហាងលក់សំលៀកបំពាក់យីហោ “ឡេង ម៉ាណា” មានអាស័យដ្ឋាន ផ្ទះលេខ ១០៥ ភូមិថ្លាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដោយបានការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ជំនាញព្រហ្មទណ្ឌខេត្ដ សហការត្រួតពិនិត្យឆែកឆេរនៅទីតាំងសង្ស័យ បានរកឃើញសម្ភារសង្ស័យ ថាជាវត្ថុតាងបទល្មើសលួចចេញពីទីតាំងក្រុមហ៊ុន រោងចក្រ មួយចំនួនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ រីឯម្ចាស់ផ្ទះ យីហោ ឡេង ម៉ាណា ដែលគេដឹងថា (ម៉ន ជាតិ) យោងតាមចម្លើយបក្ខពួកឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចនាថៃ្ងនេះ បញ្ជាក់ថា ជាមេក្លោងក្នុងអំពើលួចគឺ គេចខ្លួនមុនសមត្ថកិច្ចអនុវត្ត។
សូមបញ្ជាក់ថា ករណីគាស់លួចយកសំលៀកបំពាក់នៅតាមបណ្ដារោងចក្រ សហគ្រាស គឺកើតឡើងជាញឹកញាប់និងមានអំណោយផលគឺ ទីផ្សារទទួលផលចោរកម្មនេះឯង ដែលមេក្លោងជាមុខសញ្ញា ហឺហាសម្ភារនិយម និងមានបក្ខពួកជាច្រើនផ្សេងទៀត អ្នកប្រព្រឹត្ដមានខ្សែររយៈចាត់តាំងជាប្រព័ន្ធ ដោយសារតែ បុគ្គលិកសន្ដិសុខឯកជន មួយចំនួនតូចបានប្រព្រឹត្ដបទល្មើសផ្ទុយពីគោលការណ៍ សច្ចធម៌ គុណធម៌ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ







