ស្ត្រីម្នាក់ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ក្រោយបើកឡានបុកយុវជនម្នាក់បាត់បង់ជីវិត នៅខណ្ឌសែនសុខ
(ភ្នំពេញ)៖ ស្ត្រីម្នាក់ជាអ្នកបើកបររថយន្តម៉ាក Toyota Prius ប៉ះជាមួយម៉ូតូ ១គ្រឿងម៉ាក Honda C125 ដែលជិះស្របទិសគ្នា បណ្តាលឱ្យយុវជនម្នាក់បាត់បង់ជីវិត នៅត្រង់ចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ថាខ្លួនជាអ្នកបើកបររថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE-0241។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦៖០៦នាទី រវាងរថយន្តម៉ាក Toyota Prius និងម៉ូតូម៉ាក Honda C125 ត្រង់ចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អំពីអង្គហេតុ មានរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BE-0241 បើកបរតាមបណ្ដោយផ្លូវលេខ១៨២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុផ្លូវកែងលេខ២៧១ បានបត់ឆ្វេង ចូលផ្លូវលេខ២៧១ បានប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាក Honda C125 ដែលជិះស្របទិសគ្នា នៅខាងឆ្វេងរថយន្ត។ ករណីនេះបានបណ្ដាលឱ្យមនុស្សបាត់បង់ជីវិតម្នាក់។
មូលហេតុគ្រោះថ្នាក់គឺ អ្នកបើករថយន្ត បើកបរធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយត្ន័ អ្នកបើកម៉ូតូ បើកជែងខ្វះការប្រុងប្រយត្ន័។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី ស្រ្តីម្នាក់ដែលបានរួមដំណើរ បានចូលខ្លួនមកបំភ្លឺថា ខ្លួនជាអ្នករួមដំណើរលើរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BE-0241។
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤៖១៥នាទីឈ្មោះ អ៉ឹងសុទ្ធ ដាវី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ45AEo ផ្លូវលេខ5 បុរីពិភពថ្មីចំការដូង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញថា ខ្លួនជាអ្នកបើកបររថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE-0241។ ភាគីម៉ូតូម៉ាក Honda C125 បើកបរដោយឈ្មោះ ចន សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ5 ផ្លូវលេខ៦០៨ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ)។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងបន្តនីតិវិធីនៅការិយាល័យចរាចរណ៌ផ្លូវគោក៕ ផ្តល់សិទ្ធិដោយ៖ freshnews
