ព័ត៌មានជាតិ December 27, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នឹងលើកកម្ពស់គុណភាពទឹក អនាម័យ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន

Khmerpress

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នឹងផ្តល់នូវការចម្រោះទឹកកខ្វក់ក្នុងរាជធានីភ្នំពេញឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការបំពុលទឹកក្នុងបឹងជើងឯក ជាពិសេសរួមចំណែកក្នុងការការពារ និងលើកកម្ពស់គុណភាពទឹក អនាម័យ និងបរិស្ថានរស់នៅជូនដល់ប្រជាជន ដែលជាចំណែកយ៉ាងសំខាន់សម្រាប់សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”នៅព្រឹក ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី បានថ្លែងថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ គឺដើម្បីសម្អាតទឹកកខ្វក់បង្ហូរចេញពីតំបន់ជម្រាលជើកឯក ដែលស្ថិតក្នុងកណ្តាលរាជធានីភ្នំពេញ ហើយត្រូវបង្ហូរចូលក្នុងបឹងជើងឯក ស្ថិតនៅប៉ែកខាងត្បូងរាជធានី មុននឹងបង្ហូរចូលទន្លេបាសាក់ ជាមួយនឹងលទ្ធភាពសម្អាតទឹកកខ្វក់ចំនួន ៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីប្រមាណ ៣ហិចតា។

គម្រោងនេះ ត្រូវបានសិក្សា និងបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តាមរយៈទំនាក់ទំនងនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ហើយនឹងក្លាយជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន” ប្រកបដោយផ្លែផ្កាយ៉ាងពិតប្រាកដ៕ ប្រភព៖ ក្រសួងព័ត៌មាន