Xiaomi នឹងចាប់ផ្តើមរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញបច្ចេកវិទ្យារថយន្តអគ្គិសនីរបស់ខ្លួននៅថ្ងៃស្អែកនេះ
- BY
- Khmerpress
- December 27, 2023
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi កំពុងត្រៀមបង្ហាញបច្ចេកវិទ្យារថយន្តអគ្គិសនី (EV) របស់ខ្លួនជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ។ ពោលគឺព្រឹត្តិការណ៍នោះនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ហើយនឹងចាប់ផ្តើមនៅក្នុងប្រទេសចិនចាប់ពីម៉ោង ២:០០រសៀលតទៅ ដែលត្រូវនឹងម៉ោង ១:០០ថ្ងៃត្រង់ម៉ោងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមការបង្ហោះសារជូនដំណឹងពីលោក Lei Jun ដែលជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Xiaomi បានបញ្ជាក់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍នេះនឹងបង្ហាញតែលើបច្ចេកវិទ្យា Xiaomi EV សិនតែប៉ុណ្ណោះ នៅមិនទាន់មានការដាក់បង្ហាញផលិតផលនៅឡើយនោះទេ។ ដូច្នេះចំពោះការដាក់បង្ហាញរថយន្តអគ្គិសនីរបស់ខ្លួន ជាពិសេសរថយន្តអគ្គិសនីម៉ូដែលដំបូង SU7 ដែលមានពាក្យចចាមអារ៉ាម ក៏ដូចជារូបភាពលេចធ្លាយជាច្រើនកន្លងមកនេះ នឹងត្រូវរង់ចាំបន្ថែមទៀត។
យ៉ាងណាមិញបើយោងតាមរបាយការណ៍កន្លងមកបានបង្ហាញថា Xiaomi មាគម្រោងដាក់បង្ហាញរថយន្តអគ្គិសនីម៉ូដែល SU7 ដំបូងគេ ហើយអាចនឹងចាប់ផ្តើមដាក់លក់ជាផ្លូវការនៅដើមឆ្នាំ២០២៤ ខាងមុខនេះ។ តែយ៉ាងណាគិតមកទល់ពេលនេះនៅមិនទាន់អាចដឹងច្បាស់នៅឡើយនោះទេ ថាតើ Xiaomi អាចផលិតទាន់ពាក្យចចាមអារ៉ាមនោះ ឬមួយក៏អត់
ដូច្នេះសម្រាប់សម្រាប់អ្នកគាំទ្របច្ចេកវិទ្យា Xiaomi ក៏ដូចជាចង់សាកល្បងរថយន្តអគ្គិសនីពីក្រុមហ៊ុន Xiaomi អាចធ្វើការតាមដានព័ត៌មានបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ ខែធ្នូនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post: