ផ្លូវការ! ភ្នំពេញក្រោន ត្រូវជួបក្រុមអូស្ដ្រាលី នាថ្ងៃទី១៣-មករា ក្នុងវគ្គ ១/២ ប្រចាំតំបន់ នៃពាន AFC Cup 2023/24
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានធ្វើការចាប់ឆ្នោតបែងចែកកម្មវិធីប្រកួតវគ្គ Knockout Stage នៃពានរង្វាន់ AFC Cup 2023/24 ជាផ្លូវការហើយ នៅរសៀលថ្ងៃទី២៨ ខែធ្នូនេះ ខណៈក្រុមភ្នំពេញក្រោន របស់កម្ពុជា នឹងត្រូវជួបក្រុម 𝗖𝗲𝗻𝘁𝗿𝗮𝗹 𝗖𝗼𝗮𝘀𝘁 𝗠𝗮𝗿𝗶𝗻𝗲𝗿𝘀 របស់អូស្ដ្រាលី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខាងមុខ ក្នុងនាមបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) ប្រចាំតំបន់អាស៊ាន (ASEAN Zone) ។
ជំនួបរវាងភ្នំពេញក្រោន និងក្រុម 𝗖𝗲𝗻𝘁𝗿𝗮𝗹 𝗖𝗼𝗮𝘀𝘁 𝗠𝗮𝗿𝗶𝗻𝗲𝗿𝘀 នឹងត្រូវឡើងតែ ១ជើងប៉ុណ្ណោះ ដែលត្រូវជួបគ្នានៅកីឡដ្ឋាន Industree Group នៃប្រទេសអូស្ដ្រាលី ។ រីឯបេក្ខភាពប្រកួតវគ្គ ១/២ ប្រចាំតំបន់ ១ប្រកួតទៀត គឺក្រុម Macarthur FC របស់អូស្ដ្រាលី ត្រូវជួបក្រុម Sabah FC របស់ម៉ាឡេស៊ី។ បន្ទាប់ពីការប្រកួតនេះ ចំពោះក្រុមទទួលបានជ័យជម្នះ នឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រប្រចាំតំបន់ ១ជើងទៀត នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។
សម្រាប់ក្រុមទទួលបានជ័យជម្នះចុងក្រោយ នៃការប្រកួតប្រចាំតំបន់ នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអន្ដរតំបន់ (𝗜𝗻𝘁𝗲𝗿𝘇𝗼𝗻𝗲 𝗽𝗹𝗮𝘆-𝗼𝗳𝗳 𝘀𝗲𝗺𝗶-𝗳𝗶𝗻𝗮𝗹𝘀) ដោយត្រូវចូលរួមជាមួយក្រុមឈ្នះ នៃពូល D, E និងពូល I រួមមានក្លិប Odisha FC របស់ឥណ្ឌា, ក្លិប FK Abdysh-Ata នៃសាធារណរដ្ឋ ជីគីស្ថាន និងក្លិប Taichung Futuro FC របស់ចិនតៃប៉ិ ដែលការប្រកួតនឹងធ្វើឡើងពីរជើងក្នុងទឹកដី និងក្រៅដី ។
សូមរំឮកថា ភ្នំពេញក្រោន គឺជាក្លិបបាល់ទាត់កម្ពុជាដំបូង ដែលបានឆ្លងផុតវគ្គចែកពូល ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន ឬវគ្គ Knockout Stage ក្នុងពានរង្វាន់ AFC Cup 2023/24 នេះ បន្ទាប់ពីឆ្លងកាត់ប្រកួតជម្រុះ ៣ដំណាក់កាល តាំងពីវគ្គជម្រុះបឋម វគ្គ Play-Off និងវគ្គចែកពូល ដែលបញ្ចប់ចំណាត់ថ្នាក់លេខ២ ក្នុងពូល និងក្លាយជាក្រុមលេខ២ ល្អជាងគេ ដែលឡើងមកវគ្គនេះ ៕ ផ្តល់សិទ្ធិដោយ៖ freshnews




