Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ ក.ប.ប. រកឃើញបង្គាចាក់ចាហួយជិត ១០គីឡូក្រាម នៅទីតាំងលក់គ្រឿងសមុទ្រ លើផ្លូវ៥៩៨ ក្នុងតំបន់ត្រឡោកបែក

    BY Khmerpress January 18, 2024
    មន្ត្រីជំនាញ ក.ប.ប. រកឃើញបង្គាចាក់ចាហួយជិត ១០គីឡូក្រាម នៅទីតាំងលក់គ្រឿងសមុទ្រ លើផ្លូវ៥៩៨ ក្នុងតំបន់ត្រឡោកបែក

    (ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ «ក.ប.ប.» ដើម្បីធានាបាននូវសុខុមាលភាពជូនដល់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ មន្ត្រីនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសមុទ្រ នៅលើផ្លូវ៥៩៨ ត្រឡោកបែក សរុបចំនួន៩ទីតាំង ដោយបានដកយកគំរូសំណាកចំនួន ២២គំរូ រួមមានមឹក បង្គា ក្តាម បង្កង ត្រីសមុទ្រ។ល។

    ដើម្បីយកមកធ្វើតេស្តនិងវិភាគនៅក្នុងរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. ពិនិត្យនិងការពារក្រែងមានការដាក់លាយសារធាតុគីមីហាមឃាត់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជាលទ្ធផល ក្រោយការពិនិត្យយ៉ាងហ្មត់ច៉ត់ មន្ត្រីយើងបានរកឃើញ «បង្គា» មានចាក់ចាហួយចំនួន ៩.៥គីឡូក្រាម ដោយបានដកហូតភ្លាមៗ រួមទាំងចាត់វិធានការចំពោះម្ចាស់ទំនិញតាមនីតិវិធីផងដែរ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: