ទេសរដ្ឋមន្ដ្រី ថោង ខុន គាំទ្រការរៀបចំព្រឹត្តិការណ៍ Kun Khmer Kung Fu ដើម្បីជំរុញការផ្សព្វផ្សាយគុនខ្មែរ និងអបអរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន កម្ពុជា-ចិន
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញការគាំទ្រ ចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតក្បាច់គុនខ្មែរ និងក្បាច់គុនកុងហ្វូ “សៅលីន” (Kun Khmer Kung Fu) នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីជំរុញការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្ដរជាតិ ក៏ដូចជាចូលរួមអបអរសាទរ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤” ផងដែរ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី ថោង ខុន បានអនុញ្ញាតឲ្យលោក វ៉ា សុធា ថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍ ថោន និងលោក Tang Hua ថ្នាក់ដឹកនាំទូរទស្សន៍ ហាយណាន ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី១៨ ខែមករានេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដើម្បីរាយការណ៍ជូនអំពីកិច្ចសហការរវាងស្ថានីយ៍ទូរទស្សន៍ទាំងពីរ លើការរៀបចំព្រឹត្តិការណ៍ Kun Khmer Kung Fu នាថ្ងៃស្អែក។
ចំពោះកិច្ចសហការរៀបចំកម្មវិធីខាងលើ រវាងស្ថានីយ៍ទូរទស្សន៍នៅកម្ពុជា និងស្ថានីយ៍ទូរទស្សន៍ដ៏មានប្រជាប្រិយមកពីខេត្ត Hainan ប្រទេសចិននេះ ក្នុងគោលគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងក្នុងការជំរុញការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ និងអបអរសាទរ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤” តាមរយៈកិច្ចសហការរៀបចំកម្មវិធីប្រកួតរួមគ្នា ដើម្បីផ្សព្វផ្សាយវប្បធម៌នៃសិល្បៈក្បាច់គុនបុរាណនៃប្រទេសទាំងពីរ។
ព្រឹត្តិការណ៍ Kun Khmer Kung Fu នេះ គឺជាចលនាបំផុសផ្សព្វផ្សាយ និងលើកកម្ពស់គុណតម្លៃកីឡាប្រដាល់គុនខ្មែរ តាមគ្រប់រូបភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងជាការផ្សព្វផ្សាយកម្ពុជាទៅក្រៅប្រទេស ពិសេសទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការសហការជាមួយរវាងស្ថានីយ៍ទូរទស្សន៍ទាំងពីរ។ កម្មវិធីនេះដែរ ក៏នឹងជំរុញឲ្យមានការគាំទ្រកីឡាប្រដាល់គុនខ្មែរកាន់តែផុសផុលថែមទៀត ស្របតាមចក្ខុវិស័យរបស់កម្ពុជា ដើម្បីឈានទៅរកការដាក់បញ្ចូលគុនខ្មែរ ទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០៣២ នៅប្រទេសអូស្រ្តាលី។

លោកបណ្ឌិត ថោង ខុន បានសម្ដែងក្ដីរីករាយ និងអបអរសាទរ ដ្បិតការរៀបចំព្រឹត្តិការណ៍នេះ ស្របពេលថ្នាក់ដឹកនាំប្រទេសទាំងពីរ បាននឹងកំពុងប្រារព្ធកម្មវិធី “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤” ដោយផ្ដើមចេញការផ្លាស់ប្ដូរវប្បធម៌ តាមរយៈការសម្ដែងនូវសិល្បៈរួមគ្នា នៅក្នុងបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយវប្បធម៌កម្ពុជា និងវប្បធម៌ចិន ទៅកាន់ប្រជាជនប្រទេសទាំងពីរ ក៏ដូចជាទៅកាន់ពិភពលោក ហើយព្រឹត្តិការណ៍កីឡានេះ ក៏ជាការរួមចំណែកដ៏សំខាន់មួយផងដែរ។
ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានស្នើឲ្យស្ថានីយ៍ទូរទស្សន៍ទាំងពីរ ពិភាក្សាលើកិច្ចសហការរៀបចំរួមគ្នានូវព្រឹត្តិការណ៍សិល្បៈក្បាច់គុនល្បុក្កតោ និងកុងហ្វូ “សៅលីន” នៅតំបន់សៀមរាប-អង្គរ ក្នុងគោលបំណងផ្លាស់ប្តូរវប្បធម៌-អរិយធម៌ និងសិល្បៈក្បាច់គុនបុរាណនៃប្រទេសទាំងពីរ ដើម្បីអបអរសាទរ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤” ឲ្យកាន់តែធំថែមទៀត ព្រោះបច្ចុប្បន្នមានជើងហោះហើរត្រង់ពីខេត្ត Henan មកព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មីស្រាប់ ដែលជាខេត្តដើមកំណើតនៃសិល្បៈក្បាច់គុនកុងហ្វូ “សៅលីន” នៅវត្តសៅលីន នឹងផ្តល់ភាពងាយស្រួលក្នុងការហោះហើរត្រង់។
ជាចុងក្រោយលោក ថោង ខុន បានបង្ហាញនូវក្ដីរំពឹងយ៉ាងមុតមាំ ចំពោះកិច្ចសហការរវាងស្ថានយ៍ទូរទស្សន៍ទាំងពីរ ហើយបានស្នើដល់ស្ថានីយ៍ទូរទស្សន៍ហាយណាន់ សហការជំរុញការផ្សព្វផ្សាយពីសិល្បៈក្បាច់គុនខ្មែរ និងវិស័យទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសចិន និងពិភពលោក ក៏ដូចជាកៀគរប្រជាជនចិន ពិសេសប្រជាជនខេត្តហាយណាន់ផ្ទាល់ ឲ្យចូលរួមព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់អង្គរ ខេត្តសៀមរាប ឲ្យបានច្រើនកុះករ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews




