ស្ត្រីម្នាក់បាត់បង់ជីវិតក្នុងករណីអគ្គិភ័យមួយកន្លែង នៅខណ្ឌសែនសុខ, នគរបាលប្រើប្រាស់ឡានទឹក១១គ្រឿង ដើម្បីបាញ់ពន្លត់
(ភ្នំពេញ)៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៥៖១០នាទីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះលេខ១៧ ផ្លូវបេតុង៩២ ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់១១ឡាន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុងប្រក់សង្ក័សី ទំហំ (៥ម៉ែត្រ គុណ ១២ម៉ែត្រ) បានបណ្តាលឲ្យឆេះអស់មួយផ្នែកខាងក្រោយ រួមមានម៉ូតូ២គ្រឿង និងសម្ភារៈអស់ទាំងស្រុង និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ៥និង៥៥នាទីល្ងាចថ្ងៃទីខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ ឲ្យស្ត្រីម្នាក់បាត់បង់ជីវិតមានឈ្មោះ គ្រៀល អៀង អាយុ ៨៥ឆ្នាំ រីឯមូលហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ជូនថា ចំពោះមូលហេតុគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕ ផ្តល់សិទ្ធិដោយ៖ freshnews













