ក្មេងប្រុសម្នាក់ កើតជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរ រហូតដល់សន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្រ្គោះជីវិតឡើងវិញ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងប្រុសម្នាក់ អាយុ១២ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម បញ្ចូលសេរ៉ូមអស់៤លីត្រ មុខមកដល់មន្ទីរពេទ្យគន្ធបុប្ផា គាត់មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរស្មុគស្មាញបំផុត អស់ជីពចរ១៦ដង និង ចុងក្រោយសន្លប់បាត់ស្មារតី អស់រយៈពេល១៨ថ្ងៃ។
ក្មេងប្រុសនេះ ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាម-ប្លាស្មាអស់៦ប្លោក និងប្រើជំនួយម៉ាស៊ីនសប់ដង្ហើម ថែទាំព្យាបាលអស់រយៈពេល១៨ថ្ងៃ។ ថ្ងៃនេះ ក្មេងប្រុសមានជីវិតរស់ឡើងវិញ ដោយស្នាមញញឹម សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។
Dr. Beat Richner អំពាវនាវដល់អាណាព្យាបាល រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា ការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ ព្រោះជំងឺគ្រុនឈាម អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរស្មុគស្មាញ និងបណ្តាលឲ្យមានរលាកខួរក្បាល ជាករណីពិបាកព្យាបាលនិងមានហានិភ័យខ្ពស់ ៕ ប្រភព៖ Dr. Beat Richner



