សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអភិបាលខេត្ត ដែលជួយអន្តរាគមន៍ ផ្តល់ទឹកជូនប្រជាកសិករបានទាន់ពេលវេលា
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អរគុណអភិបាលខេត្ត ស្រុក ដែលជួយអន្តរាគមន៍ ផ្តល់ទឹកជូនប្រជាកសិករបានទាន់ពេលវេលា។ សម្តេច ថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «តម្លៃក៏ឡើងខ្ពស់ល្អ ប៉ុន្តែដោយសារឡើងខ្ពស់នេះ ប្រជាកសិករយើងក៏បានសម្រុកធ្វើស្រែប្រាំងលើសផែនការ។ ពិតណាស់នេះជាកិច្ចការល្អ ប៉ុន្តែយើងមិនត្រូវមើលតែចំពោះមុខនោះទេ អ៊ឹចឹងបានកន្លងទៅមានគេសួរថា ហេតុអ្វីបានជាមានខេត្តខ្លះចេញការណែនាំមិនឱ្យប្រជាជនធ្វើស្រូវប្រាំង ជុំទី២ »។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា៖ «ទឹកនៅក្នុងអាងរបស់យើង គឺប្រើប្រាស់ទាំងស្រូវ ទាំងសម្រាប់ប្រជាជនប្រើប្រាស់ អ៊ឹចឹងការធានារបស់យើង គឺត្រូវគិតនៅក្នុងផែនការជាក់ស្ដែង ការជួយសង្គ្រោះរបស់រដ្ឋបាលខេត្តជាច្រើន បានទាន់ពេលវេលា ខ្ញុំសូមអរគុណណាស់ ចំពោះការស្ដុកទឹកនៅរដូវវស្សា ហើយយកប្រើប្រាស់នេះ ប៉ុន្តែក៏យើងឃើញថា ទំហំទឹករបស់យើងក៏បានធ្លាក់ចុះមួយចំនួន ហើយកន្លែងខ្លះទៀត យើងក៏បានធានានូវការដោះស្រាយបញ្ហា កន្លែងខ្លះត្រូវបានអាជ្ញាធរខេត្ត ដាក់បញ្ជូនម៉ាស៊ីនបូមទឹកជូនប្រជាពលរដ្ឋ នៅក្នុងស្មារតីនេះ គឺខ្ញុំសូមអរគុណណាស់ ចំពោះអាជ្ញាធរខេត្ត ស្រុក របស់យើងដែលបានអន្តគមន៍ទាន់ពេលវេលា ដល់កិច្ចការនេះ» ៕ ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ ក្រសួងព័ត៌មាន