Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង និងស្ថាប័ន ត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក ដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក

    BY Khmerpress January 30, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង និងស្ថាប័ន ត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក ដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក ការធ្វើនេះគឺដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀល ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

    សម្ដេចធិបតី បានជំរុញឱ្យបង្វែរអ្នកទិញសាច់បង្កកទៅផ្សារភ្ជាប់ ជាមួយប្រជាពលរដ្ឋចិញ្ចឹមសត្វវិញ និងណែនាំដល់ក្រសួងកសិកម្មជួយកសិករឱ្យផលិតដែលចំណាយថ្លៃដើមទាប ហើយរក្សាស្ថេរភាពលក់នៅលើទីផ្សារ និងត្រូវពង្រឹងទីផ្សារចាស់ គុណភាព និងតម្លៃ។

    ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញការពង្រឹងការវិនិយោគក្នុងស្រុកលើវិស័យកសិកម្ម ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស។ សូមរម្លឹកថា ចំពោះអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់លើការងារផលិតកម្មសត្វ ទាំងលក្ខណៈគ្រួសារ និងពាណិជ្ជកម្ម សំដៅធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់បំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៣ ផលិតកម្មសត្វសរុបមានអត្រាកំណើន ចំនួន ២,១% ធៀបឆ្នាំ២០២២៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: