Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីនគរបាលម្នាក់ ចូលខ្លួនទទួលស្គាល់កំហុសផាកពិន័យតាមច្បាប់ បន្ទាប់ពីជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងនិយាយទូរស័ព្ទពេលកំពុងបើកបរ

    BY Khmerpress February 6, 2024
    មន្រ្តីនគរបាលម្នាក់ ចូលខ្លួនទទួលស្គាល់កំហុសផាកពិន័យតាមច្បាប់ បន្ទាប់ពីជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងនិយាយទូរស័ព្ទពេលកំពុងបើកបរ

    ខេត្តកណ្ដាល៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មានក្នុងស្រុកមួយ បានបង្ហោះវីដេអូ មន្រ្តីនគរបាលស្លៀកពាក់ឯកសណ្ឋាន ជិះម៉ូតូមិនពាក់មួក និងនិយាយទូរស័ព្ទពេលកំពុងបើកបរ ដោយភ្ជាប់ជាមួយខ្លឹមសារថា៖ «ចាប់ពលរដ្ឋអោយគោរពច្បាប់ចរាចរណ៍ចំណែកខ្លួនឯងជាមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ បែរជាជិះម៉ូតូអត់ពាក់ម៉កសុវត្ថិភាពហើយ និយាយទូរស័ព្ទ ធ្វើព្រងើយមិនខ្មាសប្រជាពលរដ្ឋបន្តិចណាសោះ សូមលោកស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយពិនិត្យមើលមន្ត្រីក្រោមឱវាទផងកុំអោយប្រជាពលរដ្ឋរិះគន់ទៅលើមន្ត្រីជាអ្នកអនុវត្តច្បាប់ដែលស្អាតស្អំ។»

    បន្ទាប់ពីទទួលបានព័ត៌មានរួច នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ សាមីខ្លួនឈ្មោះ សែ សុវណ្ណឌី អត្តលខ ៦៣៥៣៧ តួនាទី នាយរងការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស័្មគ្រចិត្តទទួលកំហុស និងបង់ប្រាក់ផាកពិន័យនៅតាមច្បាប់ ចំនួន២ អំពើល្មើស នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រួចរាល់ហើយ។

    -យោង៖ អនុក្រឹត្យ លេខ ០៣៩ អនក្រ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ត្រង់ជំពូកទី៣ អំពើល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យអន្តរការណ៍ មាត្រា៦ ថ្មី ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន ចំពោះអំពើល្មើស ដូចខាងក្រោម៖

    -ចំណុចទី១ ក ត្រូវពិន័យទឹកប្រាក់ចំនួន ៦០ ០០០ (ប្រាំមួយម៉ឺន)រៀល ចំពោះអ្នកបើកបរមិនពាក់មួកសុវត្ថិភាព។

    -ចំណុចទី ២ ក ត្រូវពិន័យទឹកប្រាក់ចំនួន ៨០ ០០០ (ប្រាំបីម៉ឺន)រៀល ចំពោះអ្នកបើកបរប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

    -សរុបទឹកប្រាក់ពិន័យចំនួនពីរអំពើល្មើស ចំនួន ១៤០ ០០០ (ដប់បួនម៉ឺន)រៀល ៕ ប្រភព​៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

    Share This Post: