Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍នៅខេត្តព្រះសីហនុ! យានយន្ត៧០០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនាយប់ថ្ងៃទី១៦ ខែកុម្ភៈ

    BY Khmerpress February 17, 2024
    យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍នៅខេត្តព្រះសីហនុ! យានយន្ត៧០០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនាយប់ថ្ងៃទី១៦ ខែកុម្ភៈ

    (ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៦គោលដៅ នាយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមភូមិសាស្ត្រក្នុងក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៧០០គ្រឿង។

    ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

    ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៦គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៧០០គ្រឿង ម៉ូតូ និងPassapp ចំនួន ៤០០គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖

    *ទី១៖ ធ្វើ​តេស្ដ​ជាតិអាកុល​​ចំនួន​៥៤នាក់ រកឃេីញ​វិជ្ជ​មាន​១០នាក់ (ខ្មែរ)។
    *ទី២៖ ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ចំនួន៧៦នាក់​ រកឃេីញវិជ្ជមាន៥នាក់​ ជនជាតិ​ខ្មែរ​ (អប់រំណែនាំ​ បញ្ជូនទៅមណ្ឌលកែប្រែ)​។។
    ​*ទី៣៖ ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​លេីរថយន្ត​ចំនួន​ ១៨៨គ្រឿង​​ (​អាវុធ​ឆ្លងកាត់​គ្មាន)​។
    *ទី៤៖ ឃាត់រក្សាទុកម៉ូតូ៤គ្រឿង​ពាក់ព័ន្ធ​​ប្រេីប្រាស់សារធាតុញៀន​១ករណី និងកែច្នៃសុីមាំងខុសបច្ចេកទេស​ និងគ្មានស្លាកលេខ​។
    *ទី៥៖ ផាកពិន័យអ្នកបេីកបរម៉ូតូគ្មានមួក​សុវត្ថិភាព​ចំនួន​៦នាក់​​​ (ផាកពិន័យ​តាមគោលការណ៍​)។
    *ទី៦៖ ឃាត់ខ្លួនបាន​១០នាក់​ ក្នុងនោះ​ចិន២នាក់​ និងវៀតណាម១នាក់ ករណីរក្សាទុក​ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន​ និងម្សៅក្រាមប្រភេទ​ Ferrari។

    គូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូរទាំងខេត្តព្រះសីហនុ នឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: