ព័ត៌មានជាតិ February 20, 2024

តម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៤ ទាបជាងឆ្នាំមុន ខណៈកសិករព្រួយបារម្ភពីការខាតបង់

Naren

(រតនគិរី)៖ តម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៤នេះ មានតម្លៃទាបជាងឆ្នាំមុន បើគិតត្រឹមរយៈពេលប្រមូលផលដើមដៃដូចគ្នា។ ក្នុងរយៈពេលជាង១០ថ្ងៃ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះគ្រាប់ស្វាយចន្ទីបានចាប់ផ្ដើមឲ្យផល ប៉ុន្តែតម្លៃវិញ គឺហាក់បីដូចជាទាបជាងឆ្នាំ២០២៣។

បើតាមឈ្មួញកណ្ដាលដែលឈរប្រមូលទិញពីបងប្អូនប្រជាកសិករនៅតាមដងផ្លូវ ក្នុងក្រុងបានលុងបានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ថា ឆ្នាំនេះតម្លៃស្វាយចន្ទី ពួកគាត់ទិញតាមតម្លៃឡើងចុះ នៃទីផ្សារវៀតណាម គឺក្នុងមួយគីឡូក្រាមតម្លៃស្វាយចន្ទីពូជល្អពី ៤,៧០០-៤,៨០០រៀល និងគ្រាប់ស្វាយចន្ទីចម្រុះពួកគេទិញ ៤,១០០ទៅ ៤,៤០០រៀលក្នុង១គីឡូក្រាម។

ក្រុមឈ្មួញកណ្ដាលបន្តថា បើគិតរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ពួកគេទិញក្នុងមួយគីឡូក្រាមចន្ទីគ្រាប់ពូជតម្លៃ ៥,៩០០-៦,២០០រៀលឯណោះ ហើយគ្រាប់ស្វាយចន្ទីចម្រុះពួកគេទិញក្នុងតម្លៃពី ៥,២០០ ទៅ ៥,៧០០ រៀលក្នុង១គីឡូក្រាម។

ក្រុមឈ្មួញកណ្ដាល បានបញ្ជាក់ទៀតថា ឆ្នាំនេះចំពោះទិន្នផលគ្រាប់ស្វាយចន្ទី ហាក់បីដូចជាថយចុះជាងឆ្នាំ២០២៣ ដោយគិតរយៈពេលដូចគ្នា នៃការទិញក្នុងមួយថ្ងៃៗក្នុងឆ្នាំ២០២៣ ពួកគេទិញបានចាប់ពី ៥តោន ទៅ ៧ តោន។ ដោយឡែកដើមឆ្នាំ២០២៤ ពួកគេឈរទិញបានត្រឹមតែ១ តោនទៅ ២តោនប៉ុណ្ណោះក្នុងមួយថ្ងៃ។

ទាក់ទិននឹងការប្រមូលផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៤ លោក សែម រឿន ប្រធានការិយាល័យក្សេតសាស្ត្រផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានឲ្យដឹងថា ផ្ទៃដីដាំស្វាយចន្ទីទូទាំង ខេត្តរតនគិរី មានចំនួន ៦៥,៦៩៥ហិកតា ផ្ទៃដីប្រមូលផលមានចំនួន ៥២,៥៥០ហិកតា។

បច្ចុប្បន្នកសិករ កំពុងតែប្រមូលផលបណ្ដើរៗ រីឯតម្លៃវិញ គឺទាបជាងឆ្នាំមុនបន្តិច បើធៀបនិងដើមដៃនៃការប្រមូលផលដូចគ្នា ហើយទិន្នផលក៏ធ្លាក់ចុះជាងឆ្នាំមុនដែរ។

ដោយឡែកប្រភពព័ត៌មានពីប្រជាកសិករអ្នកដាំស្វាយចន្ទី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះតម្លៃចន្ទីនៅដើមរដូវធ្លាក់ចុះ និងទិន្នផលមានការថយចុះ។ បើគិតពីតម្លៃសេដ្ឋកិច្ចពួកគាត់មានការខាតបង់ ព្រោះតម្រូវការប្រើប្រាស់ដូចជាថ្នាំសម្លាប់សត្វល្អិត ថ្នាំប៉ូវឲ្យចេញផ្កាផ្លែល្អ និងកម្លាំងពលកម្មមានតម្លៃខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ freshnews