ព័ត៌មានជាតិ February 24, 2024

រយៈពេលជិត២ខែមកនេះ កម្ពុជាទទួលបានទេសចរចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស

Khmerpress

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រយៈពេលជិត ២ខែមកនេះ កម្ពុជាទទួលបានទេសចរ ចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក ក្នុងនោះរួមមាន៖

– SEABOURN ENCORE ចំនួន ៤លើក
– WESTERDAM
– RIVIERA
– AIDA BELLA
– SEVEN SEAS EXPLORER
– CRYSTAL SYMPHONY
– LE JAQQUES CARTER

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់សុខសន្តិភាពរបស់កម្ពុជា ដែលផ្ដល់នូវបរិស្ថាន និងអារម្មណ៍សុវត្ថិភាពដល់អ្នកទេសចរ អាចធ្វើការកម្សាន្តលំហែ និងសិក្សាអំពីកម្ពុជា ប្រកបដោយអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបាន ពិសេសតាមរយៈបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធ ដែលបន្តទាក់ទាញអ្នកទេសចរអន្តរជាតិជាបន្តបន្ទាប់ តាមរយៈសក្តានុពលសម្បូរបែបឥតគណនារបស់កម្ពុជា និយាយជារួម និងខេត្តព្រះសីហនុ និយាយដាច់ដោយឡែក។

តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ នឹងអាចទាក់ទាញវិនិយោគិន និងអ្នកទេសចរ កាន់តែច្រើនថែមទៀត ដោយរដ្ឋាភិបាល បន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាច្រករបៀងសេដ្ឋកិច្ច និងទេសចរណ៍ ដែលជាតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ៕ ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia