ព័ត៌មានជាតិ June 4, 2024

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសគាំទ្រគម្រោងប្រគំតន្ត្រីកម្រិតពិភពលោក លើកដំបូង នៅកម្ពុជា របស់លោក Andrea Bocelli

Naren

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសគាំទ្រគម្រោងរៀបចំការប្រគំតន្ត្រីកម្រិតពិភពលោក លើកដំបូង នៅប្រទេសកម្ពុជា នៅឆ្នាំ២០២៥ ឆ្នាំក្រោយនេះ របស់លោក Andrea Bocelli អ្នកចម្រៀងដ៏ល្បីលំដាប់ពិភពលោក សញ្ជាតិអ៉ីតាលី។ លោកសង្ឃឹមថា គម្រោងនេះនឹងត្រូវបានរៀបចំឡើង តាមការកំណត់។

លោករដ្ឋមន្ត្រីប្រកាសគាំទ្របែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Marco Bianchi នាយករៀបចំកម្មវិធីប្រគំតន្ត្រីរបស់លោក Andrea Bocelli ចូលជួបសម្តែងការគួរសម និងពិភាក្សាពីដំណើរការចរចារៀបចំកម្មវិធីកំពូលមួយនេះ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងទេសចរណ៍។

លោក សុខ សូកេន ក៏បានថ្លែងអំណរគុណដល់លោកនាយក ដែលបង្កើតគម្រោងប្រគំតន្ត្រី ដោយជ្រើសរើសកម្ពុជា គឺជាគោលដៅមួយ នៅអាស៊ីអាគ្នេយ៍។ លោកចាត់ទុកថា ការប្រគំតន្ត្រីនេះក៏នឹងជួយលើកកម្ពស់តម្លៃសន្តិភាព វប្បធម៌ និងទេសចរណ៍ របស់កម្ពុជា ដល់ពិភពលោកផងដែរ។

លោក Marco Bianchi បានធ្វើបទបង្ហាញពីដំណើរការរៀបចំកម្មវិធីប្រគំតន្ត្រីនៅក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលជួយជំរុញកំណើនទេសចរណ៍, កំណើនសេដ្ឋកិច្ច, អភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ ព្រមទាំងទទួលស្គាល់ពីអន្តរជាតិនិងជាអំណាចទន់ ផងដែរ។ លោកក៏បានអះអាងថា បើសិនរៀបចំបាន ការប្រគំតន្ត្រីនៅកម្ពុជាមួយនេះ នឹងត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុនធំៗ ដែលមានអ្នកទស្សនាដល់ទៅរាប់ពាន់លាននាក់។

នេះគឺជាការបើកទ្វារឱ្យពិភពលោក កាន់តែបានស្គាល់ពីកម្ពុជា ដែលជាប្រទេសមានសន្តិភាព ដូចតារាចម្រៀងលំដាប់ពិភពលោក Taylor Swift ទៅច្រៀងនៅសិង្ហបុរីដែរ។ បុគ្គលកំពូល ដូចជាលោក Andrea Bocelli មកច្រៀងនៅកម្ពុជា ក៏ជារឿងកម្រផងដែរ ខណៈប្រទេសនានាលើពិភពលោក សុទ្ធតែចង់បានគាត់ និងអ្នកល្បីដទៃទៀត ទៅច្រៀងក្នុងប្រទេសរបស់ពួកគេ។

លោក រ័ត្ន សណ្តាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានចូលរួមក្នុងជំនួបនេះដែរ បានលើកឡើងថា ការប្រគំតន្ត្រីនេះ កម្ពុជាចំណេញ ៣ចំណុច រួមមាន៖

*១៖ លើកកម្ពស់សន្តិភាព
*២៖ លើកកម្ពស់មុខមាត់ទេសចរណ៍
*៣៖ ផ្តល់បទពិសោធន៍ដល់យុវជនខ្មែរ ក្នុងការប្រគំតន្ត្រីថ្នាក់ពិភពលោក។

«ខ្ញុំសង្ឃឹមថា ដំណើរការចរចានឹងជោគជ័យ ហើយប្រជាពលរដ្ឋខ្មែរ នឹងបានឃើញស្នាមញញឹមរបស់លោក Andrea Bocelli ដោយផ្ទាល់ ខណៈលោកក៏នឹងឃើញស្នាមញញឹមប្រជាជនខ្មែរ ដោយផ្ទាល់ផងដែរ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក រ័ត្ន សណ្តាប់។

លោក រ័ត្ន សណ្តាប់ បានឱ្យដឹងថា ក្រុមការងាររបស់លោក Andrea Bocelli ក្រោយចូលជួបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងចូលជួបរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃទី៤ មុននឹងចាកចេញទៅវិញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

សូមជម្រាបថា លោក Andrea Bocelli កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៨ នៅជិតក្រុងភីសា (Pisa) ប្រទេសអ៊ីតាលី។ គាត់មានឈ្មោះបោះសំឡេង ដោយសារសមត្ថភាពពិសេស ក្នុងសិល្បៈតន្ត្រីបញ្ចូលគ្នារវាងអូប៉េរ៉ា (Opera) និងតន្ត្រីប្រជាប្រិយ (Pop music)។

កាលពីក្មេង លោក Andrea Bocelli មានជំងឺដក់ទឹក្នុងភ្នែកពីកំណើត។ គាត់បានចាប់ផ្តើមរៀនព្យាណូ នៅអាយុ ៦ឆ្នាំ ហើយក្រោយមកលេងខ្លុយ និង Saxophone ។ នៅអាយុ ១២ឆ្នាំ គាត់បានពិការភ្នែកទាំងស្រុង បន្ទាប់ពីរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ដែលបណ្តាលមកពីគ្រោះថ្នាក់ដោយសារលេងបាល់ទាត់។

ទោះបីជាពិការភ្នែក លោក Andrea Bocelli បានសិក្សាច្បាប់នៅសាកលវិទ្យាល័យភីសា (University of Pisa) ខណៈកំពុងច្រៀងនៅបារព្យាណូ និងក្លឹបកម្សាន្តរាត្រី ដើម្បីផ្គត់ផ្គង់ការសិក្សា។ បន្ទាប់ពីទទួលបានសញ្ញាបត្រ គាត់បានធ្វើជាមេធាវី តែងតាំងដោយរដ្ឋអស់រយៈពេល ១ឆ្នាំ មុននឹងសម្រេចចិត្តប្រកបអាជីពតន្ត្រី និងសិក្សាសំឡេងជាមួយលោក Franco Corelli ៕ ផ្តល់សិទ្ធិដោយ៖ Fresh News