Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជីវករនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកលក់ដូរវិញធម្មតា ក្រោយការពន្យល់របស់អាជ្ញាធរ បន្ទាប់ពីបិទទ្វារដោយយល់ច្រឡំរឿងគយចុះចាប់

    BY Naren June 7, 2024
    អាជីវករនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកលក់ដូរវិញធម្មតា ក្រោយការពន្យល់របស់អាជ្ញាធរ បន្ទាប់ពីបិទទ្វារដោយយល់ច្រឡំរឿងគយចុះចាប់

    (កំពង់ស្ពឺ)៖ លោក ចែម ភឺរីមវទ្ធី អភិបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះថា ក្រុមអាជីវករបានបើកលក់ដូរធម្មតាឡើវិញនៅទីប្រជុំជន តាមផ្លូវ តាមផ្សារ ក៏ដូចជាលក់ដូរតូបតាមផ្ទះក្រោយបិទទ្វារផ្អើលរឿងមន្ដ្រីគយចុះចាប់ទំនិញគ្រប់ប្រភេទរបស់ពួកគាត់។

    លោកអភិបាលស្រុកថ្ពង បញ្ជាក់យ៉ាងខ្លីថា ក្រោយមានការផ្សព្វផ្សាយ និងមានការពន្យល់ពីអាជ្ញាធរមានសមត្ថកិច្ច ពួកគាត់បានបើករកទទួលទានឡើងវិញធម្មតាហើយ គឺនៅទីតាំឃុំអមលាំង ក៏ដូចជាតាមផ្សានានា។

    ឆ្លើយតបចំពោះពាក្យចចាមអារ៉ាមនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថាប័នគយមិនមែនជាស្ថាប័នដែលពរលដ្ឋត្រូវភ័យខ្លាចទេនោះទេ ប្រសិនបើអាជីវកររកទទួលទានបង់ពន្ធត្រឹមត្រូវនោះ។

    ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវយ៉ាងទទូចសូមឲ្យអ្នកបំពុលសង្គម កុំយកបញ្ហានេះធ្វើនយោបាយដែលនាំឲ្យអស់ពលរដ្ឋមានការថ្នាំងថ្នាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    បន្ថែមពីនេះ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មិនមានសមត្ថកិច្ចសាខាគយរូបណាបានចុះចាប់ទំនិញនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺនោះទេ។ បើទោះបីមានការចុះចាប់ទំនិញគេចពន្ធ សាខាគយ និងរដ្ឋាករគោរតាមបទបញ្ជា និងវិជ្ជាជីវៈបំផុត សូមប្រជាពលរដ្ឋកុំយល់ច្រឡំតគ្នារហូតខកខានការរកទទួលទានប្រចាំថ្ងៃ៕ផ្តល់សិទ្ធិដោយ Fresh News

    Share This Post: