គ្រូជម្រើសជាតិ សម្ដែងក្ដីបារម្ភ ក្រោយក្លិបអាជីពកម្ពុជា ប្រកាសរំសាយជាបន្ដបន្ទាប់
(ភ្នំពេញ)៖ លោក Felix G.Dalams គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងនូវក្ដីបារម្ភ ចំពោះរំសាយក្លិបជាបន្ដបន្ទាប់ នៃបណ្ដាក្លិបអាជីពនៅកម្ពុជា ជាពិសេសក្លិបដែលសម្បូរដោយធនធានកីឡាករកម្ពុជាតែម្ដង។

នេះគឺជាការឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ុងហ្គោលី កាលពីម្សិលមិញ។ ជំនួបមិត្តភាពអន្ដរជាតិ នឹងប្រព្រឹត្តទៅ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើ ទទួលស្គាល់ការបង្កើតក្លិបបាល់ទាត់មួយ មិនមែនជារឿងងាយស្រួលនោះទេ ពិសេសការអភិវឌ្ឍ និងរក្សានូវនិរន្ដរភាពក្លិបឲ្យបានយូរអង្វែង ដ្បិតត្រូវការពេលវេលា និងការចំណាយធនធានជាច្រើន ។ ប៉ុន្ដែលោកពិតជាសោកស្ដាយ ដែលក្លិបធំៗមួយចំនួន ត្រូវបានប្រកាសរំសាយទៅវិញ។
ពាក់ព័ន្ធនឹងការរំសាយក្លិបនេះដែរ លោក Felix Dalmas បានសង្កត់ធ្ងន់ថា «ខ្ញុំពិតជាបារម្ភ ជាពិសេសចំពោះក្លិប ដែលមានធនធានកីឡាករខ្មែរច្រើន។ ខ្ញុំដឹងថា ការដំណើរការក្លិបមួយ គឺមិនស្រួលទេ តែនៅពេលក្លិបមិនអាចបន្ដដំណើរ ឬបិទក្លិប ធ្វើឲ្យធនធានកីឡាករយើងក៏ធ្លាក់ចុះតាមហ្នឹង។ សរុបមក គឺពួកយើងពិតជាមានការព្រួយបារម្ភលើបញ្ហានេះណាស់»។
គួរដឹងថា គិតត្រឹមរដូវកាលឆ្នាំ២០២៣/២៤ មានក្លិបអាជីពជាច្រើន បានប្រកាសរំសាយជាបន្ដបន្ទាប់ ពិសេសក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលជាក្លិបសម្បូរដោយធនធានកីឡាករវ័យក្មេង និងជម្រើសជាតិច្រើន ដែលទើបប្រកាសបិទក្លិបក្រោយគេ ដោយសារបញ្ហាហិរញ្ញវត្ថុ កាលពីដើមខែឧសភាកន្លងទៅ។ រីឯក្លិបផ្សេងទៀត ដែលបានបិទ មានដូចជាក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត, ក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យ, ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា, ក្លិបបាល់ទាត់ខេត្តកោះកុង, ក្លិបបាល់ទាត់ខេត្តត្បូងឃ្មុំ, ក្លិបបាល់ទាត់សូលទីឡូអង្គរ និងក្លិបបាល់ទាត់អង្គរស៊ីធីជាដើម៕ ផ្តល់សិទ្ធិដោយ៖ Fresh News





