ព័ត៌មានជាតិ June 7, 2024

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

Naren

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។

តាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលពិនិត្យឃើញមានផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងផលិតផលជំនួយសុខភាពដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd. ដូចមានរូបភាពភ្ជាប់មកជាមួយ។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទនៅកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទត្រូវពិនិត្យមើលលតាបត្របញ្ញិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១៖ ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន ២៖ ផ្នែកខាងក្រោមមានលេខបញ្ញិកាដូចមានគំរូភ្ជាប់មកជាមួយ។

ទន្ទឹមនឹងនោះក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផលជំនួយសុខភាពដែលគ្មានលេខបញ្ញិកាខាងលើជាបន្តទៀត ព្រោះផលិតផលនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ញិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ ផលិតផលជំនួយសុខភាពនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ញិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់
ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News