សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ត្រីជ្រើសរើសហើយ មិនចុះធ្វើការនៅមូលដ្ឋាន តែប្រមូលផ្តុំនៅភ្នំពេញ នឹងបង្កើតឱ្យរូបភាព «លើសតែខ្វះ ខ្វះតែលើស» ដូចនេះ ត្រូវរើសមន្ត្រីឱ្យចំជំនាញ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មន្ត្រីដែលជ្រើសរើសហើយ មិនចុះធ្វើការនៅតាមខេត្ត ហើយប្រមូលផ្តុំតែនៅភ្នំពេញ នឹងបង្កើតឱ្យរូបភាព «លើសតែខ្វះ ខ្វះតែលើស» ដូច្នេះ ត្រូវជ្រើសរើសមន្ត្រីដែលមានជំនាញច្បាស់លាស់ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសកាត់បន្ថយការចំណាយរបស់រដ្ឋ។

ការថ្លែងបែបនេះរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កូនខ្មែរដែលចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត ត្រូវវិនិយោគលើការខិតខំប្រឹងប្រែងរៀនសូត្រ និងសមត្ថភាព មិនត្រូវពឹងលើខ្សែ បក្ខពួក ដើម្បីក្លាយជាមន្រ្តីនោះទេ។ ហើយរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ គឺបានដាក់ទិសដៅក្នុងការកំណែទម្រង់មន្រ្តីរាជការ តាមរយៈការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌ ផ្អែកទៅលើគុណាធិបតេយ្យ សុក្រឹតយភាព យុត្តិធម៌ និងបរិយាបន្ន ដែលជាអាទិភាពធំណាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា មន្រ្តីចូលបម្រើរដ្ឋត្រូវចាប់ផ្តើមពីខ្លួនឯងមានទំនុកចិត្ត មិនមែនជាការវិនិយោគទេ។ ត្រូវវិនិយោគកម្លាំងចិត្ត កម្លាំងកាយ ខិតខំប្រឹងប្រែងរៀនសូត្រ មិនត្រូវវិនិយោគរកខ្សែ រកថវិកា ដើម្បីសូកគេនោះទេ។ ដូច្នេះសុក្រឹតភាព សមត្ថភាព មុនក្លាយជាមន្រ្តីរាជការត្រូវបានបង្ហាញឡើងតាមរយៈការប្រឡងជ្រើសរើសមន្រ្តីរាជការកន្លងមក ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា សុក្រឹតភាព និងភាពត្រឹមត្រូវនៃការប្រឡងនេះ គឺជាឧទាហរណ៍មួយ ប៉ុន្តែជាកិច្ចការធំណាស់សម្រាប់ផ្តល់ការលើកទឹកចិត្តដល់កូនខ្មែររបស់យើងដែលចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ត្រូវរើសមន្ត្រីដែលមានសម្ថភាព មិងមានឆន្ទៈ ចំជំនាញដែលត្រូវអនុវត្តភារកិច្ច មានន័យថាបើរើសមន្ត្រីកសិកកម្ម មិនត្រូវរើសយកមន្ត្រីជំនាញផ្នែកវិស្វករសំណង់ស៉ីវិលនោះទេ។ ដូច្នេះត្រូវជ្រើសរើសមន្ត្រីដែលមានមូលដ្ឋានលើជំនាញដែលត្រូវជ្រើសរើស អាចយល់ដឹង ដើម្បីធ្វើយ៉ាងណាអនុវត្តតួនាទី ភារកិច្ចដែលថ្នាក់លើប្រគល់ជូនឱ្យមានប្រសិទ្ធភាពខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កន្លងទៅយើងដាក់ឱ្យចំតែម្តង ព្រោះរើសមិនមែនរើសឱ្យចំនោះទេ បំពេញឱ្យគ្រប់ ថែរក្សាឱ្យនៅ ជាពិសេសនៅមូលដ្ឋាន ការពង្រាយមន្ត្រីនេះគឺសំខាន់ខ្លាំងណាស់ បើយើងត្រឹមតែប្រលងយកមក ៤០០នាក់ ដើម្បីបំពេញនៅតាមមូលដ្ឋាន ស្រាប់តែរុញទៅ១ឆ្នាំក្រោយមកកកនៅរាជធានីភ្នំពេញ ដដែលវាបង្កើតបញ្ហា (លើសតែខ្វះ ខ្វះតែលើស) ហើយកិច្ចការងារនេះសំខាន់ខ្លាំងណាស់…!»។
ចំពោះការជ្រើសរើសមន្ត្រីឱ្យអនុវត្តភារកិច្ច តែខុសជំនាញនេះដែរ ត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វានឹងធ្វើឱ្យខាតបង់ធនធានថវិកាជាតិ ខាតធនធានមនុស្សដែលជាចំណុចធំបំផុត ហើយកន្លែងខ្លះអ្នកជំនាញ គឺអត់មានមន្ត្រីជំនាញអាចទៅជួយបណ្តុះបណ្តាលប្រជាពលរដ្ឋ ហើយមន្ត្រីដែលលើសអត់មានឱកាសដើម្បីបំពេញការងារឱ្យពេញដៃ ពេញជើង ឬមួយយកតែក្របខ័ណ្ឌ ប៉ុន្តែ អត់មានឱកាសធ្វើការងារបម្រើប្រជាពលរដ្ឋ ដែលធ្វើឱ្យរដ្ឋាភិបាលខាតបង់ជាច្រើនផងដែរ។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់លក្ខខណ្ឌដើម្បីរើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ ដើម្បីធ្វើយ៉ាងណាចជ្រើសរើសមន្ត្រីជំនាញសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាពខ្ពស់ ចំគោលដៅដែលប្រជាពលរដ្ឋលោកចង់បាន។
«មូលដ្ឋាននៅខ្វះមន្ត្រីគ្រប់កន្លែង ចុះទៅម៉ាការិយាល័យមានប៉ុណ្ណេះ ប៉ុន្តែ យើងអត់មានមនុស្ស ដាក់ទៅរត់ចេញ ដាក់ទៅរត់ចេញ អ៊ឹចឹងការរើសបំពេញឱ្យត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពទាំងអស់គ្នា»។ នេះជាការលើឡើងបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕ ផ្តល់សិទ្ធិដោយ៖ Fresh News




