ព័ត៌មានជាតិ June 13, 2024

អ្នកច្នៃម៉ូដ ឯម រៀម នឹងកែតម្រូវនូវចំណុចមួយចំនួន ដែលមហាជនមិនទាន់អាចទទួលយកបានទៅលើម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈស៊ិចស៊ីជ្រុលហួសហេតុ

Naren

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញអ្នកជំនាញច្នៃម៉ូដលោក ឯម រៀម ដើម្បីជួបពិភាក្សាពាក់ព័ន្ធទៅនឹងស្នាដៃច្នៃម៉ូដរបស់លោកនាពេលកន្លងមក ដែលបានធ្វើឱ្យមហាជនហាក់មានការថ្នាំងថ្នាក់ចិត្ត និងប្រតិកម្មយ៉ាងខ្លាំង ជាពិសេសម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈស៊ិចស៊ីប្លែកៗពីគ្នា។

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរចំពោះទេពកោសល្យសិល្បៈប្រកបដោយភាពច្នៃប្រឌិតរបស់លោក ឯម រៀម ជាពិសេសលោកបានទទួលការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅប្រទេសមួយចំនួនផងដែរ។

ទោះបីជាយ៉ាងណា ថ្នាក់ដឹកនាំសមាគមបានលើកទឹកចិត្តដល់រូបលោកក្នុងការបន្តប្រើប្រាស់ទេពកោសល្យច្នៃប្រឌិត និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត។ ក្នុងនោះឯកឧត្ដម ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានស្នើរដោយចំពោះទៅកាន់លោក​ ឯម រៀម ក្នុងការកែតម្រូវនូវចំណុចមួយចំនួន ដែលមហាជនមិនទាន់អាចទទួលយកបាននៅឡើយទៅលើស្នាដៃរបស់ខ្លួន ទោះគំនិតច្នៃប្រឌិតទាំងនោះ ជាទីពេញនិយម និងមានការគាំទ្រនៅបស្ចឹមប្រទេសក៏ដោយ។

ជាមួយគ្នានោះ លោក ឯម រៀម បានទទួលស្គាល់ពីការរិះគន់របស់មហាជនពិតមែនមកលើរូបលោក និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការកែណែនាំនានាលើកឡើងនៅក្នុងជំនួបនោះ។ ពោលគឺរូបលោកនៅតែបន្តច្នៃម៉ូដទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវភាពស៊ិចស៊ីជ្រុលហួសហេតុនាំឱ្យមហាជនមិនពេញចិត្ត។

លោកសង្ឃឹមថា មហាជនទូទៅមានការយោគយល់ដល់រូបលោក និងបើកចិត្តទទួលយកនូវអ្វីដែលជាការច្នៃប្រឌិតរបស់លោកផងដែរ។ ជាពិសេសកុំមានការប្រមាថដល់រូបរាងកាយ មុខមាត់របស់លោកដែលផ្ដល់ពីធម្មជាតិ ឬការនិយាយប៉ះពាល់ដល់ឪពុកម្ដាយរបស់លោកដែលមិនបានចូលរួម ឬដឹងលឺក្នុងរឿងនេះ។

លោក ឯម រៀម ក៏បានប្ដេជ្ញាថា នឹងចូលរួមសហការជាមួយសមាគមសិល្បករខ្មែរ ដើម្បីកសាង និងអភិវឌ្ឍនូវស្នាដៃផ្សេងៗ ដោយឈរលើមូលដ្ឋាន អាចថែរក្សាបាននូវអត្តសញ្ញាណជាតិរបស់យើងផងដែរ។

កិច្ចប្រជុំត្រូវបានបញ្ចប់ទៅប្រកបដោយបរិយាកាសស្និទស្នាលក្នុងស្មារតីយោគយល់អធ្យាស្រ័យគ្នា ក្នុងន័យរួបរួមសាមគ្គី រួមគ្នាលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ៕