Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យមានគន្លងផ្លូវរថយន្តក្រុងសាធារណៈនៅតាមបណ្តាញផ្លូវធ្វើថ្មីតាមជាយក្រុង ឬក្រុងរណប

    BY Naren June 17, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យមានគន្លងផ្លូវរថយន្តក្រុងសាធារណៈនៅតាមបណ្តាញផ្លូវធ្វើថ្មីតាមជាយក្រុង ឬក្រុងរណប

    (ភ្នំពេញ)៖ ក្រោមការគិតគូរពីកំណើនប្រជាពលរដ្ឋនៅទីក្រុង និងការធ្វើដំណើរកាន់តែមមាញឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញគិតគូររៀបចំឱ្យមានគន្លងផ្លូវរថយន្តក្រុងសាធារណៈនៅតាមបណ្តាញផ្លូវធ្វើថ្មីតាមតំបន់ជាយក្រុង ឬក្រុងរណប ដើម្បីផ្ដល់អាទិភាពដល់ការដឹកជញ្ជូនសាធារណៈ។

    ការណែនាំនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

    នាឱកាសនោះ សម្ដេចធិបតីបានលើកឡើងថា ស្របតាមការរីកចម្រើននៃវិស័យសេដ្ឋកិច្ចកម្ពុជា នឹងធ្វើឱ្យទីក្រុងកាន់តែមានការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅនិងប្រកបមុខរបរក៏កាន់តែមមាញឹក ហើយក៏នឹងធ្វើឱ្យការធ្វើដំណើរនៅលើដងផ្លូវកាន់តែច្រើន ដូច្នេះការសាងសង់ផ្លូវនីមួយៗ រដ្ឋបាលរាជធានីភ្នំត្រូវគិតពីបុរេសកម្មគ្រប់ផ្នែកជាមុន ពិសេសគិតគូរឱ្យហើយសម្រាប់ការរៀបចំគន្លងផ្លូវរថយន្តក្រុងសាធារណៈនៅតាមបណ្តាញផ្លូវធ្វើថ្មីតាមជាយក្រុង ឬក្រុងរណប។

    សម្ដេចថ្លែងយ៉ាងដូច្នេះថា «ការសាងសង់ផ្លូវថ្មីៗក្នុងរាជធានីភ្នំពេញ ដូចជានៅតំបន់ជាយក្រុង ឬក្រុងរណប ត្រូវគិតគូរមុនឱ្យហើយពីការដឹកជញ្ជូនសាធារណៈ ពិសេសត្រូវរៀបចំគន្លងសម្រាប់តែផ្លូវរថយន្តក្រុង (Bus) ពីព្រោះការធ្វើដំណើររួមត្រូវតែមានអាទិភាពជាងការធ្វើដំណើរដោយឯកជន»

    សម្ដេចធិបតីបានឡើងពីការរីកចម្រើនទៅអនាគត និងកំណើនប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើដងផ្លូវ តួយ៉ាងដូចជាផ្លូវលើស្ពានអាកាសភ្លោះដែលកំពុងបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ក៏នឹងដើរតួយ៉ាងសំខាន់ក្នុងការភ្ជាប់គោលដៅរាជធានីភ្នំពេញជាមួយក្រុងតាខ្មៅ ខេត្តកណ្ដាល និងជាមួយតំបន់ជាយក្រុងប៉ែកខាងត្បូង ក៏ដូចជាទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ ដែលនឹងមានប្រជាពលរដ្ឋធ្វើដំណើររាប់ម៉ឺននាក់រៀងរាល់ថ្ងៃ។

    សម្ដេចធិបតីបានបន្តថា ការអភិវឌ្ឍទៅតំបន់ជាយក្រុងចាំបាច់ត្រូវគិតគូរពីការតភ្ជាប់បណ្ដាញផ្លូវ ហើយការសាងសង់ផ្លូវថ្មីៗត្រូវគិតគូរពីកំណើននៃការធ្វើដំណើរសម្រាប់ពេល១៥ឆ្នាំ ឬ២០ឆ្នាំទៅមុខ មិនអាចដល់ពេលមានកំណើនហើយ ទៅគាស់កកាយតាមក្រោយនោះទេ ត្រូវគិតជាមុនថាត្រូវដាក់ប៉ុន្មានគន្លង ទំហំប៉ុន្មាន រៀបចំមុនសម្រាប់កំណើនប្រជាពលរដ្ឋទៅថ្ងៃមុខ។

    សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា មានតែការធានាបាននូវសុខសន្តិភាព ស្ថិរភាពនោះទេ ទើបជំរុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យ។ ការសាងសង់ផ្លូវបានល្អប៉ុនណាក៏ដោយ បើប្រទេសជាតិគ្មានសន្តិភាពទេ ក៏គ្មានការធ្វើដំណើរនៅលើដងផ្លូវដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: