វិវាទរាប់ឆ្នាំរវាងម្ចាស់ផ្សារសាំហាន់ និងក្រុមអាជីវករលក់ដូរ ត្រូវបានដោះស្រាយបញ្ចប់ ក្រោមការសម្របសម្រួលពីអភិបាលខណ្ឌឬស្សីកែវ
(ភ្នំពេញ)៖ វិវាទមួយដែលបានអូសបន្លាយយូរឆ្នាំ រវាងម្ចាស់ផ្សារទួលសង្កែ ហៅផ្សារសាំហាន់ និងក្រុមអាជីវករលក់ដូរមួយចំនួន នាពេលនេះត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរហើយ ដោយការយោគយល់ និងការចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក លើមូលដ្ឋានច្បាប់ជាធរមាន ក្រោមការយកចិត្តទុកដាក់សម្របសម្រួលពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរដ្ឋបាលខណ្ឌ។

ការយកចិត្តទុកដាក់របស់លោក ជិន ប៊ុនធឿន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ក្នុងការចូលរួមដោះស្រាយបញ្ហាវិវាទ និងអាចឈានដល់ការបញ្ចប់បានដោយជោគជ័យ ហើយគ្មានអ្នកចាញ់ ពោលគឺឈ្នះឈ្នះទាំងអស់គ្នា រវាងក្រុមអាជីវករលក់ដូរមួយចំនួន និងម្ចាស់ផ្សារទួលសង្កែ (ហៅផ្សារសាំហាន់) ស្ថិតនៅសង្កាត់ទួលសង្កែទី១ បានធ្វើឡើងតាមរយៈការអញ្ជើញភាគីទាំងសង្ខាងឲ្យចូលរួមជជែក និងដោះស្រាយគ្នាដោយសន្តិវិធី ដោយឈរលើគោលការច្បាប់ជាធរមាន ក្នុងកិច្ចប្រជុំមួយ នៅសាលាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
លោក ជិន ប៊ុនធឿន នៅក្នុងកិច្ចប្រជុំដោះស្រាយវិវាទនេះដែរ បានលើកឡើងថា ដោយឈរលើមូលដ្ឋានច្បាប់ជាធរមាន និងមានការផ្ដល់កិច្ចសហការល្អពីភាគីពាក់ព័ន្ធ ជាមួយការចេះយោគយល់ និងការចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក សម្រាប់វិវាទមួយ ដែលបានកើតឡើងកន្លងមក រវាងម្ចាស់ផ្សារទួលសង្កែ ហៅផ្សារសាំហាន់ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ដោយគ្មានអ្នកចាញ់ឡើយ និងមានតែអ្នកឈ្នះ និងឈ្នះឈ្នះទាំងអស់គ្នា ដោយក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង៕ ផ្តល់សិទ្ធិដោយ៖ Fresh News


















