ព័ត៌មានជាតិ July 2, 2024

អាកាសចរណ៍ស៉ីវិល៖ អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» អាចនឹងចាប់ផ្តើមបើកដំណើរការទទួលជើងហោះហើរ នៅដំណាច់ខែសីហាខាងមុខនេះ

Naren

(កោះកុង)៖ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះថា បើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» អាចនឹងដាក់ឱ្យដំណើរការហោះហើរ នៅដំណាច់ខែសីហា ឆ្នាំ២០២៤។

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិ តារាសាគរ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្នើសុំដាក់ដំណើរការ ការហោះហើរជាលក្ខណៈក្នុងស្រុកកម្រិតបឋមជំហានដំបូង រួមជាមួយការបន្តធ្វើនូវនីតិវិធីបន្តបន្ទាប់ ដើម្បីឈានជើងបណ្តើរៗ ទៅរកការបើកការហោះហើរកម្រិតមធ្យម កម្រិតធំជាលក្ខណៈអន្តរជាតិ នាពេលខាងមុខ។

លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ដូច្នេះថា «បើគ្មានអ្វីប្រែប្រួលទេ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅក្នុងដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត 2B ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់»។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ​ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណងវិស័យទេសចរណ៍។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុងទុកជិត១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ។ បច្ចុប្បន្ន អាកាសយានដ្ឋាននេះ សាងសង់បានប្រមាណជិត១០០% ហើយ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។

បើតាមការបញ្ជាក់របស់លោក ស៉ីន ចាន់សិរីវុត្ថា នៅរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ២.៥៨លាននាក់។ ប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះបន្តិច៕ផ្តល់សិទ្ធិដោយ Fresh News