Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស ពីឆ្នាំ២០០០ មកឆ្នាំ២០១៤ ដើម្បីធ្វើឱ្យការវាស់វែងកំណើនសេដ្ឋកិច្ច កាន់តែមាន ភាពល្អប្រសើរ

    BY Naren July 2, 2024
    កម្ពុជាផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស ពីឆ្នាំ២០០០ មកឆ្នាំ២០១៤ ដើម្បីធ្វើឱ្យការវាស់វែងកំណើនសេដ្ឋកិច្ច កាន់តែមាន ភាពល្អប្រសើរ

    (ភ្នំពេញ)៖ កម្ពុជា បានសម្រេចការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ ឬឆ្នាំគោល ផ.ស.ស ពីឆ្នាំ២០០០ មកឆ្នាំ២០១៤ ដើម្បីធ្វើបច្ចុប្បន្នភាព និងវាស់វែងកំណើនសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមាន ភាពល្អប្រសើរ។

    ថ្លែងក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពីលទ្ធផលចុងក្រោយការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ទ្រី ឬទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានលើកឡើងពីភាពចាំបាច់នៃការផ្លាស់ប្តូរគោលគណនេយ្យជាតិ ឬផ.ស.ស ពីឆ្នាំ២០០០ មកឆ្នាំ២០១៤ និងគោលបំណងជាចម្បងនៃការផ្លាស់ប្តូរ នេះ គឺដើម្បីធ្វើបច្ចុប្បន្នភាពទំហំ វិសាលភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា សម្រាប់ធ្វើការប៉ាន់ស្មានឡើងវិញស៊េរីទិន្នន័យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២។

    លោកបានលើកឡើងថា ស៊េរីទិន្នន័យ ផ.ស.ស. ឆ្នាំគោល២០០០ ដែលបានប្រើប្រាស់ជាង២០ឆ្នាំកន្លងមកនេះ ត្រូវបានវាយតម្លៃដោយអ្នកជំនាញស្ថិតិ និងសេដ្ឋកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)និងស្ថាប័នស្ថិតិស៊ុយអែត ថាលែងតំណាងឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាហើយ ទាំងទំហំ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងបានលើកជាសំណើសុំប្តូរឆ្នាំគោលមកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។

    លោកបានឱ្យដឹងថា កន្លងមកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្តូរឆ្នាំគោលម្ដង គឺប្តូរពីឆ្នាំ១៩៩៣ ទៅឆ្នាំ២០០០ ដោយផ្អែកលើការអង្កេតសហគ្រាសឆ្នាំ២០០០ ដែលមានសំណាកគំរូ ត្រឹមតែជាង ២ ០០០សហគ្រាស ហើយចាប់ពីឆ្នាំ២០០០ មកទល់ពេលបច្ចុប្បន្ន វិទ្យាស្ថានជាតិស្ថិតិ ពុំទាន់បានប្តូរឆ្នាំគោលទេ។ ការវាស់វែងសេដ្ឋកិច្ចដែលមានឆ្នាំគោលយូរជាង ២០ឆ្នាំ បែបនេះ បានធ្វើឱ្យស្ថិតិគណនេយ្យជាតិ លែងមានសង្គតិភាពជាមួយនឹងស្ថិតិម៉ាក្រូសេដ្ឋកិច្ចដទៃទៀតដូចជា៖ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ស្ថិតិជញ្ជីងទូទាត់ ស្ថិតិរូបិវត្ថុ ដែលត្រូវបានប្រើប្រាស់ជាធាតុចូលសម្រាប់រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត កម្មវិធិនយោបាយនានារបស់រាជរដ្ឋាភិបាល។

    លោក ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការបានថ្លែងថា ស្ថិតិគណនេយ្យជាតិ ជាស្ថិតិដ៏សំខាន់មួយក្នុងប្រព័ន្ធស្ថិតិជាតិកម្ពុជានិងក្នុងស្ថិតិម៉ាក្រូសេដ្ឋកិច្ច ដែលមានវិសាលភាពគ្រប់វិស័យក្នុងសេដ្ឋកិច្ចជាតិកម្ពុជា។ បច្ចុប្បន្ននេះ ការគណនាផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គឺផ្អែកលើឆ្នាំគោលឆ្នាំ២០០០ ដែលគិតមកដល់ឆ្នាំ២០២២ មានរយៈពេល២២ឆ្នាំ ដែលតាមអនុសាសន៍នៃសេចក្ដីណែនាំរបស់អង្គការសហប្រជាជាតិស្ដីពីស្ថិតិគណនេយ្យជាតិ (UN-SNA) ត្រូវផ្លាស់ប្តូរឆ្នាំគោលជារៀងរាល់ ៥ឆ្នាំម្ដង ឬយ៉ាងយូរបំផុត ១០ ឆ្នាំម្ដង ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចមានសង្គតិភាព។

    លោកបន្តថា «តាមទីប្រឹក្សាស្ថិតិនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ការផ្លាស់ប្តូរឆ្នាំគោលម្ដងៗ គឺត្រូវរង់ចាំពេលវេលាដែលសមស្រប មានប្រភពទិន្នន័យគ្រប់គ្រាន់ ។ ក្នុងន័យនេះ ការផ្លាស់ប្តូរឆ្នាំគោលថ្មី ឆ្នាំ២០១៤ គឺ ត្រឹមត្រូវ ដោយវិទ្យាស្ថានជាតិស្ថិតិ មានជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ជំរឿនកសិកម្មឆ្នាំ២០១៣ អង្កេតពាក់កណ្ដាលជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជា៖ ជញ្ជីងទូទាត់(ធនាគារជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ទិន្នន័យពាណិជ្ជកម្មអន្ដរជាតិ(អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួង-ស្ថាប័នផ្សេងទៀតរបស់រាជរដ្ឋាភិបាលគ្រប់គ្រាន់»។

    សូមជម្រាបថា ការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ បានផ្អែកលើប្រភពទិន្នន័យសំខាន់ៗ រួមមាន៖ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ជំរឿនកសិកម្មឆ្នាំ២០១៣ អង្កេតពាក់កណ្ដាលជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជា ជញ្ជីងទូទាត់ (ធនាគារជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ទិន្នន័យពាណិជ្ជកម្មអន្ដរជាតិ(អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួង ស្ថាប័នផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។

    លទ្ធផលបឋមការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ ត្រូវបានត្រួតពិនិត្យគុណភាព និងពិភាក្សាជាច្រើនលើកជាមួយអ្នកជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នស្ថិតិប្រទេសស៊ុយអែត រហូតលទ្ធផលចុងក្រោយសម្រេចបាន ដូចមាន៖

    ១- ទំហំសេដ្ឋកិច្ច ៨៨.៩ ទ្រីលានរៀល ស្មើនឹង ២២.១ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំគោល២០១៤ បើធៀបនឹងឆ្នាំ២០០០ មានទំហំសេដ្ឋកិច្ច ៦៧.៤ទ្រីលានរៀល បានកើនឡើង ៣១.៩%។

    ២- រចនាសម្ព័ន្ធសេដ្ឋកិច្ច៖ វិស័យកសិកម្មមានចំណែក ២២% នៃ ផ.ស.ស. (ថយចុះពី ២៩%) វិស័យឧស្សាហកម្មមានចំណែក ៣០% នៃ ផ.ស.ស. (កើនពី ២៦%) វិស័យសេវាកម្មមានចំណែក ៤២% នៃ ផ.ស.ស. (កើនពី ៤០%) នៅឆ្នាំ២០១៤ បើធៀបនឹងឆ្នាំ២០០០ ។

    ៣- ចំណូលសម្រាប់ម្នាក់ (GDP per capita) កើនពី ១ ១៣១ ដុល្លារអាមេរិក ដល់១ ៤៨៩ ដុល្លារអាមេរិក នៅឆ្នាំ២០១៤។

    ៤- គិតក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមានទំហំ ១៦០,១ ទ្រីលានរៀលតាមថ្លៃបច្ចុប្បន្ន ស្មើនឹង៣៩.៥ ប៊ីលានដុល្លារអាមេរិក និងកំណើន ៥.១%។ ចំណូលសម្រាប់ម្នាក់ ប៉ាន់ស្មាន ២ ៣៤៥ដុល្លារអាមេរិក ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: