PR August 29, 2024

ធនាគារ វីង ប្រារព្ធខួបលើកទី ១៦ ជាមួយនឹងយុទ្ធនាការជំរុញការបរិច្ចាគឈា-ម

Liny Chan

បុគ្គលិកធនាគារ វីង រួមគ្នាបរិច្ចាគឈាមដើម្បីជួយដល់អ្នកដែលមានតម្រូវការ។

ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំពិធីប្រារព្ធខួបលើកទី១៦ របស់ខ្លួនតាមរយៈការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “បរិច្ចាគឈាម ចែករំលែកក្តីសង្ឃឹម”។

ក្នុងកាយវិការបង្ហាញពីសមានចិត្តចំពោះសហគមន៍នេះ បុគ្គលិកធនាគារ វីង ជាច្រើនបានរួមគ្នា ដោះស្រាយបញ្ហាកង្វះខាតឈាម តាមរយៈការចូលរួមព្រឹតិ្តការណ៍បរិច្ចាគឈាមដែលត្រូវបានរៀបចំធ្វើឡើងនៅអគារ ធនាគារ វីងថៅវើ។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសកម្មភាពសប្បុរសធម៌នេះ ដោយបានលើកឡើងថា ការបរិច្ចាគឈាមត្បិតថា ជារឿងសាមញ្ញមួយ តែជាមធ្យោបាយដ៏មានប្រសិទ្ធភាពដែលបុគ្គលម្នាក់ៗអាចចូលរួមជួយទៅដល់សហគមន៍របស់ពួកគេក្នុងគ្រាមានអាសន្ន។

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “គ្រប់ដំណក់ឈាម គឺជាពន្លឺនៃក្តីសង្ឃឹមសម្រាប់ជីវិត។”

មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគូសបញ្ជាក់ពីតម្រូវការ ចាំបាច់អំពីការបរិច្ចាគឈាម ដោយអះអាងថាមន្ទីរពេទ្យត្រូវការឈាមមួយប្លោកនៅរៀងរាល់ ៥នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។

គ្រាន់តែ នៅក្នុងរាជធានីភ្នំពេញ តម្រូវការឈាមប្រចាំថ្ងៃគឺចន្លោះពី ៣០០ ទៅ ៣៥០ប្លោក ខណៈដែលតម្រូវការឈាម នៅទូទាំងប្រទេស គឺត្រូវការប្រមាណ ១៤ម៉ឺនប្លោកក្នុងមួយឆ្នាំ។  បច្ចុប្បន្នមជ្ឈមណ្ឌលជាតិផ្តល់ឈាម គឺមានលទ្ធភាពផ្គត់ផ្គង់ប្រមាណ ៧៥% នៃតម្រូវការដ៏ចាំបាច់ប៉ុណ្ណោះ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារ វីង បានកោតសរសើរចំពោះបុគ្គលិកទាំងអស់ដែលបានចូលរួមបុព្វហេតុដ៏សំខាន់នេះ។ លោកថ្លែងថា៖ “ការរួមចំណែកដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនគឺជាគំរូនៃការបេ្តជ្ញាចិត្តរបស់ធនាគារ វីង ដើម្បីតបស្នងទៅកាន់សហគមន៍។”

ក្នុងចំណោមបុគ្គលិកស្ម័គ្រចិត្តជាច្រើននាក់ ដែលបានចូលរួមបរិច្ចាគឈាម កញ្ញា រ៉េត មុនីភិក្ត័ ដែលជាបុគ្គលិកម្នាក់នៃ ធនាគារ វីង បានចែករំលែកអំពីការរួមចំណែកក្នុងបុព្វហេតុនេះដោយភាពពេញចិត្ត និងបានលើកឡើងពីផលវិជ្ជមាននៃការរួមចំណែករបស់កញ្ញាថា ទោះតិចតូចក្តី ក៏អាចជួយទៅដល់អ្នកជំងឺដែលកំពុងត្រូវការជំនួយបំផុតបានដែរ។

កញ្ញា រ៉េត មុនីភិក្ត័ បានលើកឡើង ថា៖ “នាងខ្ញុំមានសេចក្តីរីករាយ ក្នុងការចូលរួមជួយទៅដល់សហគមន៍ តាមមធ្យោបាយដែលនាងខ្ញុំអាចធ្វើបាន។ ប្រសិនបើ លោកអ្នកចង់ចែករំលែកក្ដីស្រឡាញ់ លោកអ្នកអាចពិចារណាក្នុងការ ចូលរួមបរិច្ចាគឈាមផងដែរ។”

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ការបរិច្ចាគដ៏សប្បុរសរបស់លោកអ្នកពិតជាមានសារៈសំខាន់ក្រៃលែងសម្រាប់សហគមន៍របស់យើង ជាពិសេសសម្រាប់អ្នកជំងឺដែលត្រូវការបញ្ចូលឈាមដើម្បីសង្គ្រោះជីវិតបន្ទាន់។”

ក្នុងរយៈពេល ១៦ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ធនាគារ វីង បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សហគមន៍មូលដ្ឋានតាមរយៈគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាជីវកម្មជាច្រើន។ កម្មវិធីទាំងនោះ ផ្តោតលើការជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការផ្តល់សិទ្ធិអំណាចដល់សហគ្រិនវ័យក្មេង និងការចូលរួមក្នុងគម្រោងនិរន្តរភាព ដែលសំដៅជំរុញការអភិវឌ្ឍសហគមន៍ ការអប់រំ និងសមភាពយេនឌ័រជាដើម។

សព្វថ្ងៃនេះ ធនាគារ វីង បានក្លាយជាធនាគារឈរលើកំពូលទាំង១០ ទៅលើប្រាក់បញ្ញើ ឈរលើលំដាប់ទី១១ លើទ្រព្យសកម្មសរុប និងទី១៦ ទៅលើប្រាក់កម្ចី។ ស្របពេលដែលធនាគារ វីង កំពុងដំណើរការលើមាគ៌ានៃការរីកចម្រើនរបស់ខ្លួនជាមួយសហគមន៍កម្ពុជា ធនាគារនេះនៅតែបន្តដើរតួជាក្តីសង្ឃឹម និងក្តីមេត្តា ដែលបង្ហាញពីសីលធម៌នៃការតបស្នង ហើយផ្តល់ផលវិជ្ជមានទៅដល់ជីវភាពរស់នៅរបស់ពលរដ្ឋជាច្រើននៅក្នុងសហគមន៍៕