Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    UPDATE: រដ្ឋ Florida ចាប់ផ្តើមការបោសសម្អាតក្រោយព្យុះ Milton ខណៈក្រុមហ៊ុនធានារ៉ាប់រង អាចចំណាយលុយរាប់ពាន់លានដុល្លារ លើសំណងការខូចខាត

    BY Liny Chan October 11, 2024
    UPDATE: រដ្ឋ Florida ចាប់ផ្តើមការបោសសម្អាតក្រោយព្យុះ Milton ខណៈក្រុមហ៊ុនធានារ៉ាប់រង អាចចំណាយលុយរាប់ពាន់លានដុល្លារ លើសំណងការខូចខាត

    (វ៉ាស៉ីនតោន)៖ នៅសុក្រ ទី១១ ខែតុលា ឆ្នាំ ២០២៤នេះ រដ្ឋ Florida សហរដ្ឋអាមេរិក បានចាប់ផ្តើមការបោសសម្អាត និងជួសជុលបណ្តាញអគ្គិសនីឡើងវិញ ក្រោយរងឥទ្ធិពលព្យុះហឺរីខេន Milton ហើយអ្នកវិភាគប៉ាន់ស្មានថា ក្រុមហ៊ុន​ធានា​រ៉ាប់រង​ អាចត្រូវចំណាយលុយរាប់ពាន់លានដុល្លារ លើសំណងការខូចខាត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

    ទោះជាព្យុះហឺរីខេន Milton មិននាំនូវគ្រោះមហន្តរាយសូណាមិ ដូចការភ័យខ្លាច នៅក្នុងរដ្ឋ Florida ប៉ុន្តែរដ្ឋនេះបានរងគ្រោះស្រាប់ទៅហើយ ពីព្យុះហឺរីខេន Helene កាលពីប្រហែល ២សប្តាហ៍មុន ជាហេតុនាំឱ្យប្រតិបត្តិការសម្អាត អាចចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែ សម្រាប់ផ្នែកខ្លះ។ អ្នកវិភាគនិយាយថា Milton ដែលត្រូវបានចាត់ថ្នាក់ជាព្យុះកម្រិតទី ៥ អាចធ្វើឱ្យវិស័យធានារ៉ាប់រងតែមួយមុខ ត្រូវចាយលុយរហូតដល់ ១០០ពាន់លានដុល្លារឯណោះ ជាសំណងក្នុងពេលមានបញ្ហាណាមួយ សម្រាប់អតិថិជនរបស់ខ្លួន។

    សេតវិមាន បានសន្យាគាំទ្ររបស់រដ្ឋាភិបាល ខណៈទំហំពេញលេញនៃការខូចខាត កំពុងប្រមូលបូកសរុប។ រដ្ឋបាលលោក បៃដិន បានឱ្យដឹងថា ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរបស់សហព័ន្ធ នឹងត្រូវការអនុម័តថវិកាបន្ថែមពីសភា ហើយកំពុងជំរុញឱ្យ សមាជិកសភា ដែលកំពុងស្ថិតក្នុងរដូវកាលឈប់សម្រាក ចូលមកធ្វើការវិញ។

    គួរបញ្ជាក់ថា ព្យុះហឺរីខេន Milton បានបណ្តាលឱ្យមនុស្សចំនួន ១៦នាក់ស្លាប់ នៅក្នុងរដ្ឋ Florida។ អ្នកស្រុក Florida និយាយថា មិនបានប៉ុន្មានសប្តាហ៍ផង ពួកគេត្រូវរងគ្រោះដោយព្យុះផ្ទួនៗគ្នា។ អ្នកខ្លះ នៅមិនទាន់មានអគ្គិសនីប្រើប្រាស់​ទេ តាំងពីព្យុះ​ហឺរីខេន Helene វាយ​ប្រហារ​តំបន់​របស់ពួកគេមក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: