Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តតាកែវ អំពាវនាវធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សិក្សាលទ្ធភាពពលរដ្ឋឲ្យបានច្បាស់លាស់មុនផ្ដល់កម្ចី ព្រោះមិនចង់ឲ្យកើតបញ្ហានៅពេលមិនមានលទ្ធភាពសងប្រាក់

    BY Liny Chan November 21, 2024
    អភិបាលខេត្តតាកែវ អំពាវនាវធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សិក្សាលទ្ធភាពពលរដ្ឋឲ្យបានច្បាស់លាស់មុនផ្ដល់កម្ចី ព្រោះមិនចង់ឲ្យកើតបញ្ហានៅពេលមិនមានលទ្ធភាពសងប្រាក់

    (តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអំពាវនាវធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មុននឹងផ្ដល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋ ត្រូវសិក្សាលទ្ធភាពឲ្យបានច្បាស់លាស់ ព្រោះលោកមិនចង់ឃើញមានបញ្ហាកើតឡើង នៅពេលដែលប្រជាពលរដ្ឋមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងប្រាក់ត្រឡប់វិញ។

    ក្នុងឱកាសអញ្ជើញចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានតំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចូលរួមដែរ លោក វ៉ី សំណាង បានគូសបញ្ជាក់ថា លោកពិតជាមិនចង់ឃើញមានបញ្ហាកើតឡើង រហូតត្រូវរឹបអូសទ្រព្យសម្បត្តិ ឬផ្ទះសម្បែងរបស់ពលរដ្ឋឡើយ។

    បើតាមលោក វ៉ី សំណាង, បន្ទាប់ពីអាជ្ញាធរចែកប្លង់កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ពិតជាមានប្រជាពលរដ្ឋមួយចំនួនយកប្លង់កម្មសិទ្ធិទៅដាក់បញ្ចាំនៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីខ្ចីប្រាក់បង្កើនមុខរបរ រួមទាំងការទិញសម្ភារបម្រើឲ្យវិស័យ កសិកកម្ម ដូចជាជីជាដើម ប៉ុន្តែមុននឹងឲ្យខ្ចីប្រាក់ ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវសិក្សាឲ្យបានច្បាស់លាស់ ចៀសវាមានបញ្ហាសងប្រាក់ត្រលប់មកវិញយឺតយ៉ាវ ឬគ្មានប្រាក់សង ដែលនាំឲ្យមានការប្ដឹងផ្ដល់ទៅតុលាការ រឹបអូសយកដីធ្លីប្រជាពលរដ្ឋ។

    លោកបានអះអាងថា អាជ្ញាធរមិនគាំទ្រការប្ដឹងរឹបអូសយកដីធ្លី ឬផ្ទះសម្បែងប្រជាពលរដ្ឋនោះទេ ព្រោះបើមានបញ្ហាអ្នកដែលរងគ្រោះមុនគេគឺរាជរដ្ឋាភិបាល។ ពោលក្រុមប្រឆាំងនឹងធ្វើការវាយប្រហាររាជរដ្ឋាភិបាលថា ដឹកនាំប្រទេសឲ្យគេរឹបអូសផ្ទះ ប្រជាពលរដ្ឋ ដូច្នោះពេលមានបញ្ហាការសងប្រាក់ ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការឲ្យអស់លទ្ធភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: