Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់បាត់បង់ជីវិតដោយសារបើករថយន្តធ្លាក់ស្ពាន

    BY Liny Chan November 27, 2024
    ឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់បាត់បង់ជីវិតដោយសារបើករថយន្តធ្លាក់ស្ពាន

    (ញូវដេលី)៖ Google បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុនរបស់ខ្លួនកំពុងជួយអាជ្ញាធរឥណ្ឌា ស៉ើបអង្កេតទៅលើការស្លាប់បុរស ៣នាក់ ដែលត្រូវបានគេរាយការណ៍ថា បានបើកឡានចេញពីស្ពានមិនទាន់ជួសជុលរួច តាមការណែនាំរបស់ Google Maps។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។

    បុរសទាំង ៣នាក់នោះបានធ្វើដំណើរទៅចូលរួមពិធីមង្គលការ នៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ហើយរថយន្តរបស់ពួកគេក្រោយមក ក៏បានធ្លាក់ពីស្ពានដែលជួសជុលមិនទាន់ហើយ ចូលទៅក្នុងទន្លេ Ramganga កាលពីថ្ងៃអាទិត្យ។ បើតាមប៉ូលិស ស្ពាន​មួយ​ផ្នែក​បាន​រង​ការ​ខូចខាត​ អំឡុង​ពេល​មាន​ទឹកជំនន់​កាលពី​ឆ្នាំ​មុន។

    កាសែត Hindustan Times បានដកស្រង់សម្តីមន្រ្តីប៉ូលិសនិយាយថា តៃកុងឡានបានបើកតាមផ្លូវដែលបង្ហាញដោយ Google Maps។ ចំណែកទីភ្នាក់ងារព័ត៌មាន Press Trust of India news រាយការណ៍ថា ប៉ូលិស​កំពុងសាកសួរ​មន្ត្រី​​ម្នាក់​អំពី​ Google Maps ព្រម​ទាំង​អ្នក​ផ្សេង​ទៀត​មក​ពី​មន្ទីរ​សាធារណការ​របស់​រដ្ឋាភិបាល។

    គួរបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងមួយឆ្នាំ បន្ទាប់ពីមានវេជ្ជបណ្ឌិតពីរនាក់ស្លាប់ នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង នៅពេលដែលរថយន្តពួកគេ ធ្លាក់ចូលទៅក្នុងទន្លេ Periyar ដោយកាលណោះពួកគេក៏បានប្រើប្រាស់ Google Maps ដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: