Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ត្រី២នាក់ ដែលពាក់ព័ន្ធយកលុយ ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងគ្រូមា លី សាម៉េត រត់ការចង់ឲ្យកូនប្រុសចូលជាមន្រ្តីគយនៅខេត្តបាត់ដំបង ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់»

    BY Liny Chan November 29, 2024
    ស្ត្រី២នាក់ ដែលពាក់ព័ន្ធយកលុយ ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងគ្រូមា លី សាម៉េត រត់ការចង់ឲ្យកូនប្រុសចូលជាមន្រ្តីគយនៅខេត្តបាត់ដំបង ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់»

    (ភ្នំពេញ)៖ ស្រ្តី២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការឲ្យកូនប្រុសរបស់ខ្លួនក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង រួមទាំងលោក មួង ឃីម និងគ្រូមា លី សាម៉េត ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់» នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ នេះបើតាមលោក​ ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News។

    បើតាមលោក ប្លង់ សុផល, ចំពោះជនជាប់ចោទ មួង ឃីម និង លី សាម៉េត ក៏ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់» ផងដែរ។

    លោក ប្លង់ សុផល បានបញ្ជាក់ថា «ករណីនេះ​ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ​៤នាក់ រួមមាន៖ ឈ្មោះ​ ឆាយ​ សុវណ្ណារី​ ហៅ​ ចែមួយ, ​ឈ្មោះ​ ហ៊ីង ទិត្យរាត្រីលក្ខណ៍​ ហៅស្រីមុំ, ​ឈ្មោះ​ មួង​ ឃីម និង​ឈ្មោះ​ លី​ សាម៉េត​ ហៅ​ គ្រូមា ពីបទ ប៉ុនប៉ងសូកប៉ាន់​ តាមមាត្រា​២៧​ និងមាត្រា​៦០៥​ នៃក្រមព្រហ្មទណ្ឌ​ និងមាត្រា​៣២​ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ»​។

    សូមបញ្ជាក់ថា ស្រ្តីទាំង២នាក់ ត្រូវបានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនទៅតុលាការ ក្រោយយកលុយប្រមាណ ៣០ម៉ឺនដុល្លារទៅឱ្យឈ្មោះ មួង ឃីម និងឈ្មោះ លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការឲ្យកូនប្រុស ក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: