Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជីវករផ្សារបឹងឈូក ក្រុងបាត់ដំបង រីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលប្រកាសជួសជុលតូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យគ្រប់គ្រងអស់មួយជីវិត

    BY Liny Chan November 30, 2024
    អាជីវករផ្សារបឹងឈូក ក្រុងបាត់ដំបង រីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលប្រកាសជួសជុលតូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យគ្រប់គ្រងអស់មួយជីវិត

    (បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករផ្សារបឹងឈូក និងផ្សព្វផ្សាយនូវដំណោះស្រាយដែលសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ជូនដល់អាជីវករ។

    លោក សុខ លូ បានគូសបញ្ជាក់ថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូកដែលត្រូវភ្លើងឆេះ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅដោយរដ្ឋសម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិតជូនបងប្អូនអាជីវករដែលបានជួលតូប/រាន ពីអ្នកវិនិយោគផ្សារ តែម្ដងដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។

    ឆ្លើយតបនឹងដំណោះស្រាយនេះ ក្រុមអាជីវករ បានសម្ដែងអារម្មណ៍រំភើបរីករាយ និងគោរពថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលតែងតែជួយជ្រោមជ្រែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ជាក់ស្ដែងពេលនេះ សម្ដេចនាយករដ្ឋមន្រ្តីបានផ្ដល់នូវដំណោះស្រាយដ៏ល្អឥតខ្ចោះរកអ្វីប្រៀបផ្ទឹមពុំបានឡើយសម្រាប់អាជីវករផ្សារបឹងឈូកទាំងអស់។

    សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អញ្ជើញសម្ពោធសមិទ្ធផល នានានៅតំបន់ អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានប្រកាសថា រដ្ឋនឹងសាងសង់ផ្សារបឹងឈូក ដែលស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ បន្ទាប់ពីផ្សារនេះ បានរងការឆាបឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នឹងបានបំផ្លាញតូបអស់ប្រមាណជិត១៥០តូប។

    បើតាមប្រសាសន៍របស់សម្តេចបវរធិបតី ផ្សារបឹងឈូក គឺត្រូវបានវិនិយោគឡើងដោយឯកជនអស់រយៈពេលជាង៣០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ១៩៩២។ បន្ទាប់ពីការឆាបឆេះនេះ វិស័យឯកជនដែលគ្រប់គ្រងផ្សារនេះ អស់លទ្ធភាពក្នុងការសាងសង់ឡើងវិញ ដូច្នេះហើយសម្តេចសម្រេចយកផ្សារនេះជាផ្សាររដ្ឋវិញ និងប្រកាសសាងសង់ឡើងវិញ ឆ្លើយតបនឹងសំណូមពររបស់ក្រុមអាជីវករដែលរងផលប៉ះពាល់ពីការឆេះផ្សារបឹងឈូកនេះ ដើម្បីឱ្យអាជីវករមានទីតាំងក្នុងការប្រកបរបរលក់ដូរវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: