ព័ត៌មានជាតិ December 11, 2024

អត្តពលិកតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ឈ្នះមេដាយ ៧គ្រឿង ពីព្រឹត្តិការណ៍ Asian Open Police Taekwondo Championship 2024

Liny Chan

(ភ្នំពេញ)៖ ក្រុមប្រតិភូកីឡាតេក្វាន់ដូ WT នៃក្រសួងមហាផ្ទៃ បានត្រឡប់មកមាតុភូមិវិញហើយ នៅថ្ងៃទី១០ ខែធ្នូនេះ ក្រោយបញ្ចប់បេសកកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Open Police Taekwondo Championships 2024 នៅប្រទេសវៀតណាម ដោយដណ្ដើមបានមេដាយ ៧គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ២ និងសំរឹទ្ធ ១ ជូនជាតិមាតុភូមិ ។

លោក ឆូយ ពុទ្ធា ប្រតិភូដឹកនាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយធ្វើដំណើរដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថា ព្រឹត្តិការណ៍អន្ដរជាតិនេះ មានអត្តពលិកជាង ២,៥០០នាក់ មកពី ២៩ប្រទេស ខណៈអង្គភាពកីឡាក្រសួងមហាផ្ទៃ របស់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៤រូបចូលរួមការប្រកួតពីថ្ងៃទី០៦-០៩ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្ត Quang Ninh ប្រទេសវៀតណាម ។

ជាលទ្ធផលបច្ចេកទេសក្រុមកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស ៤ ប្រាក់ ២ និងសំរឹទ្ធ ១ សរុប ៧គ្រឿង ឈរចំណាត់ថ្នាក់លេខ៣ ក្នុងនាមប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ ។ លើសពីនេះ ក្រុមកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ក៏ដណ្ដើមបានមេដាយ ៣គ្រឿងផងដែរ នៅក្នុងព្រឹត្តិការណ៍ Asian Taekwondo Festival 2024 ដែលរៀបចំដោយម្ចាស់ផ្ទះវៀតណាម រួមមានមេដាយមាស ២ និងប្រាក់ ១ ។

ទន្ទឹមជាមួយភាពជោគជ័យខាងលើ លោក ឆូយ ពុទ្ធា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីទាំងអស់គ្នា ដែលព្យាយាមជាខ្លាំង រហូតដណ្ដើមបានមេដាយជូនជាតិ ។ បន្ថែមលើនេះ លោកក៏បានអរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ និងផ្ដល់ឱកាសដល់ក្រុមកីឡាតេក្វាន់ដូ WT បានចូលរួមព្រឹត្តិការណ៍អន្ដរជាតិនេះ ក៏ដូចជាការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់ម្ចាស់ផ្ទះផងដែរ ។

សម្រាប់ម្ចាស់មេដាយទាំង ៧គ្រឿង នៃព្រឹត្តិការណ៍ Asian Open Police Taekwondo Championships 2024 រួមមាន៖ ១.កីឡាការិនី ណាង វណ្ណៈ ឈ្នះមេដាយមាស លើវិញ្ញាសាមេគុនឯកត្តជននារី, ២.កីឡាករ ផល សុវណ្ណាត់ ឈ្នះមេដាយមាស លើវិញ្ញាសាមេគុន ឯកកត្តជនបុរស, ៣.កីឡាករ សុ វណ្ណាត់ និងកីឡាការិនី ណាង វណ្ណៈ ឈ្នះមេដាយមាស លើវិញ្ញាសាមេគុនគូបុរស-នារី, ៤.កីឡាករ វ៉ា មិថុនា ឈ្នះមេដាយមាស លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៨០គីឡូក្រាម, ៥.កីឡាការិនី ឈឿង អាលីហ្សា មេដាយប្រាក់ លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៧គីឡូក្រាម, ៦.កីឡាករ វ៉ាន់ រិទ្ធី ឈ្នះមេដាយប្រាក់ លើវិញ្ញាសាប្រយុទ្ធ និង ៧.កីឡាករ សំ យូដេត ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៨គីឡូក្រាម ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News