ព័ត៌មានជាតិ December 13, 2024

ទីក្រុងកៀវអះអាងថា ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន រងការវាយប្រហារមីស៉ីលទ្រង់ទ្រាយធំជាថ្មី ពីរុស្ស៉ី

Liny Chan

(កៀវ)៖ រដ្ឋមន្រ្តីថាមពលនៃប្រទេសអ៊ុយក្រែន បាននិយាយថា រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាស ក្នុងទ្រង់ទ្រាយធំថ្មីទៀត មកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន នាថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤។

រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន លោក German Galushchenko បាននិយាយថា ជាថ្មីម្តងទៀត វិស័យថាមពលនៅទូទាំងប្រទេស បានស្ថិតក្រោមការវាយប្រហារទ្រង់ទ្រាយធំ។ នៅក្នុងឆ្នាំ២០២៤នេះ បណ្តាញផលិតថាមពលរបស់អ៊ុយក្រែន បានរងការវាយប្រហារធំៗ ​សរុបយ៉ាងហោចជាង១០លើករួចទៅហើយ ជាហេតុបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ និងការដាច់ចរន្តអគ្គិសនីយូរៗ ពាសពេញផ្ទៃប្រទេស។

បើតាមប្រតិបត្តិករប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីជាតិអ៊ុយក្រែន Ukrenergo ការវាយប្រហារនាថ្ងៃសុក្រនេះ បានបង្ខំឱ្យមានការរឹតត្បិត​បន្ថែមទៀត លើការប្រើប្រាស់ថាមពលសម្រាប់ប្រជាជន។ ប្រទេសអ៊ុយក្រែនទាំងមូល បានស្ថិតក្រោមការបន្លឺស៉ីរ៉ែនប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស ខណៈអាជ្ញាធរក្នុងតំបន់ បានរាយការណ៍អំពី សំឡេងផ្ទុះជាច្រើន នៅទីក្រុង ​Odesa ភាគខាងត្បូង រីឯអាជ្ញាធរនៃតំបន់រដ្ឋធានីកៀវ បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានធ្វើប្រតិបត្តិការឆ្លើយតប ចំពោះការវាយប្រហារទាំងនោះ។

ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានអំពាវនាវជាថ្មី ឱ្យបណ្តាដៃគូនិងសម្ព័ន្ធមិត្ត ប្រញាប់ប្រញាល់ជួយផ្តល់ ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ជាពិសេសចំពោះមុខរដូវរងាដ៏លំបាក ដើម្បីយកមកការពារ​ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News