Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    Elon Musk បញ្ជាក់ថា Starlink កំពុងជួបបញ្ហាអសកម្មក្នុងប្រទេសឥណ្ឌា បន្ទាប់ពីការរឹបអូសឧបករណ៍ទីពីរ

    BY Liny Chan December 19, 2024
    Elon Musk បញ្ជាក់ថា Starlink កំពុងជួបបញ្ហាអសកម្មក្នុងប្រទេសឥណ្ឌា បន្ទាប់ពីការរឹបអូសឧបករណ៍ទីពីរ

    (បរទេស)៖ កំពូលមហាសេដ្ឋីលោក Elon Musk បាននិយាយថា សេវាអ៊ីនធឺណេតផ្កាយរណប Starlink គឺអសកម្មនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីមានការរឹបអូសឧបករណ៍ Starlink ចំនួនពីរកាលពីប៉ុន្នានសប្តាហ៍ថ្មីៗនេះ។ នេះគឺជាការអត្ថាធិប្បាយជាលើកដំបូងរបស់ Musk ខណៈឧបករណ៍ទាំងនេះត្រូវបានរកឃើញពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម រួមទាំងឧបទ្ទវហេតុថ្មីៗនេះពាក់ព័ន្ធនឹងក្រុមបះបោរនៅម៉ានីពួរ និងការរឹបអូសពីមុនដែលពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀននៅជិតកោះ Andaman ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨​ ខែធ្នូ ឆ្នាំ២០២៤។

    ពាក់ព័ន្ធនឹងករណីនេះ កាលដើមខែធ្នូ ប៉ូលីសឥណ្ឌា បានបើកការស៊ើបអង្កេតដោយស្នើសុំក្រុមហ៊ុនអ៊ីនធឺណិតផ្កាយរណប Starlink របស់លោក Elon Musk ផ្តល់ព័ត៌មានលម្អិត ស្ដីពីអតិថនដែលបានទិញឧបករណ៍អ៊ីនធឺណិតរបស់ខ្លួនយកទៅប្រើប្រាស់ ក្រោយពីសមត្ថកិច្ចឥណ្ឌា រឹបអូសបានគ្រឿងញៀនមេតំហ្វេតាមីន (Methamphetamine) មានតម្លៃរហូតដល់ទៅជាង ៤ពាន់លានដុល្លារ ដែលជាករណីរត់ពន្ធគ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រឥណ្ឌា។ ប៉ូលីសឥណ្ឌាសង្ស័យថា Starlink ត្រូវបានក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់នាវាចរណ៍ ឬការស្ទង់មើលទិសដៅនៅសមុទ្រអំឡុងប្រតិបត្តិការរត់ពន្ធ។

    គួរជម្រាបថា Musk បានបង្ហោះសារនៅលើ X នៅល្ងាចថ្ងៃអង្គារថា «ធ្នឹមផ្កាយរណប Starlink ត្រូវបានបិទនៅប្រទេសឥណ្ឌា» ហើយវា «មិនមែនជាកន្លែងដែលមានបញ្ហាដំបូងនោះទេ»។ ខណៈសារនេះ គឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់ដែលបង្ហាញថាឧបករណ៍ Starlink ត្រូវបានប្រើប្រាស់ដោយក្រុមបះបោរនៅក្នុងរដ្ឋ Manipur ដែលពោរពេញដោយជម្លោះ ដែលកងទ័ពឥណ្ឌាបានធ្វើប្រតិបត្តិការស្វែងរកកាលពីថ្ងៃទី១៣ ខែធ្នូ នឹងបានរឹបអូសឧបករណ៍ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម រួមទាំងអាវុធ និងគ្រាប់រំសេវ។ Musk បានបញ្ជាក់ថា Starlink កំពុងស្វែងរកការយល់ព្រមក្នុងប្រទេសឥណ្ឌា ដើម្បីផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបឡើងវិញ ហើយក្រុមហ៊ុនកំពុងព្យាយាមដោះសា្រយរាល់បញ្ហាសុវត្ថិភាពទាំងអស់ទាក់ទងនឹងបញ្ហានេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: