ព័ត៌មានជាតិ December 19, 2024

តារាចម្រៀង វណ្ណថាន បញ្ជាក់ថា នឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពបញ្ជាក់ពីភាពស្អាតស្អំទៅតុលាការ និងសំណូមពរដល់មហាជន រង់ចាំការសម្រេចរបស់តុលាការមុនធ្វើការអារកាត់ណាមួយ

Liny Chan

តារាចម្រៀង វណ្ណថាន នាព្រឹកទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីបំភ្លឺ ដោយក្នុងនោះតារាពហុជំនាញរូបនេះបានបញ្ជាក់ថា រូបលោកនឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពបញ្ជាក់ពីភាពស្អាតស្អំទៅតុលាការ និងសំណូមពរដល់មហាជន រង់ចាំការសម្រេចរបស់តុលាការមុនធ្វើការអារកាត់ណាមួយ។

លោក វណ្ណថាន បានចេញសេចក្ដីបំភ្លឺ ក្រោយផ្ទុះរឿងរ៉ាវពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ ដែលលោកចាត់ទុកថា ជារឿងដ៏ពិបាក និងគួរឱ្យអាម៉ាស់បំផុតក្នុងជីវិតរបស់ខ្លួន។ ជាមួយគ្នានេះដែរ តារាចម្រៀងល្បីឈ្មោះបោះសម្លេងរូបនេះ បានបកស្រាយ និង បំភ្លឺជាសាធារណៈថា ការស្ងៀមស្ងាត់របស់លោកគឺដោយសារ លោកបានទទួលការប្រឹក្សាពីខាងក្រុមមេធាវីរបស់ ដោយសុំអោយរក្សាភាពស្ងៀមស្ងាត់ មិនតបត ដើម្បីងាយស្រួលនឹងប្រមូលភ័ស្តុតាងទាក់ទងនឹងករណីនេះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។

ទន្ទឹមនឹងនេះ លោកសូមធ្វើការសូមទោសដោយគោរពទៅកាន់អ្នកគាំទ្រក៏ដូចជាសាធារណជនទាំងអស់ ដោយរឿងនេះបង្កជាការ ជ្រួលច្របល់ ក្នុងបណ្តាញសង្គម។ តារារូបនេះ បានបញ្ជាក់ថា លោកពិតជាមានការពិបាកខ្លាំងមែនទែន ដែលមិនអាចធ្វើការបកស្រាយភ្លាមៗជូនទៅកាន់ បងប្អូន និងអ្នកគាំទ្រទាំងអស់គ្នា ខណៈពេលដែលកេរ្តិ៍ឈ្មោះ និង កិត្តិយស ត្រូវបានបង្អួចបែបនេះ។ ដោយហេតុ នេះហើយ ទើបលោកសម្រេចចិត្តដោះស្រាយបញ្ហានេះតាមនីតិវិធី គឺតាមច្បាប់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និង ស្រោចស្រង់ កេរ្តិ៍ឈ្មោះ និង កិត្តិយសរបស់ខ្លួនមកវិញ។

មិនតែប៉ុណ្ណោះ លោក វណ្ណថាន ក៏បានបញ្ជាក់ផងដែរថា រូបលោកនឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំទៅកាន់តុលាការ និងសូមសំណូមពរឱ្យពុកម៉ែ បងប្អូន រង់ចាំការសម្រេចរបស់តុលាការមុនពេលធ្វើការអារកាត់ណាមួយផងដែរ៕