ព័ត៌មានជាតិ December 20, 2024

ក្រុមវ៉ូវីណាមកម្ពុជា ឈ្នះមេដាយ ៤គ្រឿង ក្នុងថ្ងៃដំបូង នៃជើងឯកអាស៊ី លើកទី៥ នៅកោះបាលី

Liny Chan

(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានឈ្នះមេដាយ ៤គ្រឿងបណ្ដោះអាសន្នជូនជាតិ សម្រាប់ថ្ងៃដំបូង នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ (AVF Asian Vovinam Championships) ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៩ ខែធ្នូម្សិលមិញ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា សមិទ្ធផលថ្ងៃដំបូង ដែលក្រុមកីឡាវ៉ូវីណាមដណ្ដើមបានជូនជាតិ រួមមានមេដាយមាស ១គ្រឿង ដណ្ដើមបានដោយកីឡាករ ម៉េត សុភ័ក្ដ្រា និង ម៉េត សារី លើវិញ្ញាសាមេគុនដាវគូបុរស។ រីឯ ៣គ្រៀងទៀត គឺមេដាយប្រាក់ ដណ្ដើមបានកីឡាករ ម៉េត សុភ័ក្ដ្រា និងកីឡាការិនី ប៉ាល់ ឆរស្ម៊ី លើវិញ្ញាសាបច្ចេកទេសការពារខ្លួន, កីឡាការិនី ពៅ សុខា លើវិញ្ញាសាមេគុនដាវឯកត្តជននារី និងកីឡាករ នី នីហ្សា លើវិញ្ញាសាមេគុនដាវឯកត្តជនបុរស។

យ៉ាងណាមិញកម្ពុជា នៅសល់អត្តពលិក និងវិញ្ញាសាជាច្រើនទៀត ដែលត្រូវបន្ដការប្រកួត រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។ ក្នុងនាមប្រធានសហព័ន្ធ លោក អ៊ូ រតនា បានផ្ដល់ការលើកទឹកចិត្ត និងមានសុទ្ឋិនិយមខ្ពស់ លើកីឡាករ-កីឡាការិនីរបស់ខ្លួន ទោះបីឆ្នាំនេះ មានការផ្ដល់ឱកាសដល់អត្តពលិកវ័យក្មេងច្រើនចូលរួម តែលោកសង្ឃឹមថា ពួកគេនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនជាតិមាតុភូមិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News