ព័ត៌មានជាតិ December 21, 2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃខាងមុខរាជរដ្ឋាភិបាល នឹងរៀបចំចងភ្ជាប់ប្រព័ន្ធទិន្នន័យ របស់ស្ថាប័នរដ្ឋជាមួយគ្នា ដើម្បីបង្កភាពងាយស្រួលក្នុងការទាញយកព័ត៌មាន 

Liny Chan

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅថ្ងៃខាងមុខនេះរាជរដ្ឋាភិបាល នឹងរៀបចំចងភ្ជាប់ប្រព័ន្ធទិន្នន័យ របស់ស្ថាប័នរដ្ឋជាមួយគ្នា ដើម្បីបង្កភាពងាយស្រួលក្នុងការទាញយកព័ត៌មានគ្រប់ជ្រុងជ្រោយ។

ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញប្រកាស​ខេត្ត​កំពង់​ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែក​បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះប្រព័ន្ធឌីជីថលនេះពេលតម្លើង ដាច់ខាតត្រូវមានការរៀបចំតម្លើងប្រព័ន្ធការពារ ព្រោះនៅពេលប្រេីប្រាស់ត្រូវការពារឲ្យបាន ព្រោះទិន្នន័យឥឡូវនេះលែងដាក់ក្នុងទូទៀតហើយ ប៉ុន្ដែដាក់លើអាកាស ដូច្នេះត្រូវតែច្បាស់លាស់ បើមិនច្បាស់នោះទេ នឹងបង្កការលំបាកនៅថ្ងៃក្រោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ទៅថ្ងៃក្រោយយើងនឹងមានទិន្នន័យជារួមព្រោះថា បច្ចុប្បន្នទិន្នន័យយើងមានច្រើន ក្រសួងនីមួយៗមានទិន្នន័យខុសៗគ្នា។ រដ្ឋាភិបាលនឹងរៀបចំការ ផ្គុំទិន្នន័យ ចែករំលែកព័ត៌មានពី ស្ថាប័នមួយទៅស្ថាប័នមួយ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា កាលពីដើមអាណ្ណត្តិយើងបានដាក់ជំរុញ ប្រព័ន្ធខេមឌីអេតរួចរាល់មកហើយ ហើយម្សិលមិនេះយើងបានជួបប្រជុំជាមួយ CDC លើកការដាក់ព័ត៌មានទាក់ទងនឹងការវិនិយោគនានា ទៅភ្ជាប់ជាមួយក្រសួងមហាផ្ទៃ, ក្រសួងដែនដីជាដើម ដើម្បីបន្ថែមភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដូច្នេះនៅពេលដែលវិនិយោគិន ចង់ដឹងអំពីព័ត៌មានវិនិយោគ គ្រាន់តែចុះប្រព័ន្ធមួយនឹង លោតព័ត៌មានលម្អិតនានាទាំងអស់មកតែម្ដង ដើម្បីបន្ថែមភាពងាយស្រួល និងមិនលំបាកក្នុងការស្វែងរកព័ត៌មាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដូច្នេះពេលជាមួយគ្នាក្នុងការធ្វើទំនើបកម្មនេះ គឺសូមការពារឲ្យបាន និងសុំសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន [….]៕ ផ្ដល់សិទ្ធិដោយ៖ Fresh News