ព័ត៌មានជាតិ December 23, 2024

កម្ពុជា ដណ្ដើមបានមេដាយ ៣០គ្រឿង និងជាប់លេខ២ ក្នុងការប្រកួតវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៤

Liny Chan

(ភ្នំពេញ)៖ ក្រុមកីឡាករវ៉ូវីណាមជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយជោគជ័យ ជាមួយការដណ្ដើមបានមេដាយសរុបចំនួន ៣០គ្រឿង និងទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ១៥ប្រទេស ដែលបានចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបនេះ។

តាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សមិទ្ធផលដែលអត្តពលិកខ្លួន ដណ្ដើមបានជូនជាតិមាតុភូមិខាងលើ រួមមានមេដាយមាស ៧, មេដាយប្រាក់ ១៧ និងមេដាយសំរឹទ្ធ ៦ សរុបចំនួន ៣០គ្រឿង ដែលនាំឲ្យក្រុមកីឡាវ៉ូវីណាមកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ បន្ទាប់ពីវៀតណាម (ម្ចាស់ក្បាច់គុន) ជាប់លេខ១ និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ជាប់លេខ២។

គួរដឹងថា កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ២៤នាក់ ចូលរួមប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ នៅកោះបាលី ចាប់ពីថ្ងៃទី១៧-២២ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យនេះ ក្រុមប្រតិភូកីឡាវ៉ូវីណាមកម្ពុជា នឹងធ្វើដំណើរមកមាតុភូមិវិញ នៅថ្ងៃទី២៣ ខែធ្នូនេះ ដោយនឹងមានការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំសហព័ន្ធជាច្រើនផងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News