កុំភាន់ច្រលំ! អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ច្បាស់ៗថា ករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលកំពុងល្បីស៊ែរតៗគ្នា ជាហេតុការណ៍ចាស់នោះទេ
នាយប់ថ្ងៃទី២២ និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះ មានករណីបង្ហោះផ្សាយតៗគ្នា ពាសពេញបណ្ដាញសង្គម ពីករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ យ៉ាងណាមិញ ចំពោះហេតុការណ៍នេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៣ នេះ បានបញ្ជាក់ច្បាស់ៗថា ជាហេតុការណ៍ចាស់ដែលកើតហេតុតាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤មកម្ល៉េះ។

ឯកឧត្តម ផន រឹម បានធ្វើការបញ្ជាក់នៅលើគណនីផ្លូវការដោយមានខ្លឺមសារបែបនេះថា៖ «ខ្ញុំបាទសូមជម្រាបជូនសាធារណជន និងបណ្តាញព័ត៌មាននានាមេត្តាជ្រាបថា នៅយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានករណីបង្ហោះផ្សាយតៗគ្នាដោយគ្មានប្រភព ដោយបណ្តាញព័ត៌មានក្នុងស្រុក និងក្រុមMMO ពីករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលជាហេតុការណ៍ចាស់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤មកម្ល៉េះ ធ្វើឲ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ »។
ជាមួយគ្នានេះដែរ ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សូមអំពាវនាវយ៉ាងទទូចឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងចែករំលែកតៗគ្នា នាំទៅដល់ការភាន់ច្រលំ ដែលជាកំហុសលីសធម៌ដ៏ធ្ងន់ធ្ងរក្នុងសង្គម និងវិជ្ជាជីវៈ៕ ប្រភព៖ គណនីផ្លូវការអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន




