Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណ ដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្នាំនេះមានពលរដ្ឋចូលរួមច្រើនកុះករ

    BY Liny Chan February 1, 2025
    ព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណ ដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្នាំនេះមានពលរដ្ឋចូលរួមច្រើនកុះករ

    (ត្បូងឃ្មុំ)៖ មិនខុសពីរៀងរាល់ឆ្នាំ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណ ជាទំនៀមទំលាប់បងប្អូនពលរដ្ឋ ពីដូនតាតជំនាន់រាប់រយឆ្នាំមកហើយ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់។

    សម្រាប់ឆ្នាំនេះ បានរៀបចំធ្វើនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ជាការបន្តថែរក្សាទំនៀមទំលាប់ពីបុរាណរបស់ពលរដ្ឋផង និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅមូលដ្ឋានតាមភូមិ-ស្រុក «ក្រោមម្លប់សុខសន្តិភាព» ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ពិសេសស្រុកមេមត់ និងនៅទូទាំងប្រទេសផងដែរ។

    បើតាមការបញ្ជាក់ពីអាជ្ញាធរស្រុកមេមត់ កម្មវិធីចាប់ផ្តើមជួបជុំគ្នានៅក្នុងបរិវេណបឹងត្រពាំងក្រមវេលាម៉ោង ៧៖៣០នាទី ក្នុងនោះមានឧបករណ៍សម្រាប់ចាប់ត្រីបែបបុរាណមានដូចជា អង្រុត, ឈ្នាង, ត្រក, ក្អុះ ជាដើម។ល។

    ក្នុងពិធីចុះចាប់ត្រីតាមបែបបុរាណនេះដែរ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងឧត្តមភរិយា លោកស្រី ហេង សំអាន ប៉ែនកុសល្យ និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករ។

    សូមជម្រាបថា បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ។

    ជារៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ តែជាលក្ខណៈតាមតំបន់ក្នុងភូមិ-ស្រុក។

    ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការយកចិត្តទុកដាក់គិតគូខ្ពស់ពីសំណាក់រដ្ឋបាលខេត្ត បានរៀបចំព្រឹត្តិការណ៍នេះឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសដោយមានការផ្សព្វផ្សាយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គឺក្រសួងព័ត៌មាន មានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ជាសេនាធិការ និងប្រព័ន្ធផ្សព្វផ្សាយឯកាជននានា ដែលធ្វើឲ្យពលរដ្ឋជិតឆ្ងាយបានឃើញ បានដឹង និងចាប់អារម្មណ៍ បានចូលរួមយ៉ាងច្រើនកុះករ ខណៈក្នុងនោះក៏មានអ្នកទេសចរណ៍បរទេសចូលរួមផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: