Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ពានបេតុងពីរកន្លែង ជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោមឡើងភ្នំគិរីរម្យ បានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្នហើយ

    BY Liny Chan February 15, 2025
    ស្ពានបេតុងពីរកន្លែង ជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោមឡើងភ្នំគិរីរម្យ បានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្នហើយ

    (ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានបេតុងពីរកន្លែង ជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោម បង្កឱ្យមានការកកស្ទះអ្នកដំណើរពេលបុណ្យទានម្តងៗ លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិ ព្រះសុរាម្រិត​កុសុមៈ​គីរីរម្យ (ឧទ្យានជាតិគីរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកឱ្យប្រជាពលរដ្ឋបើកបរឆ្លងកាត់​បណ្តោះអាសន្នហើយ​នៅថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

    លោក ផន រឹម បានបន្ថែមថា ការបើកឱ្យឆ្លងកាត់បណ្តោះអាសន្ននេះ ក៏ជាផ្នែកមួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅទស្សនាកម្សាន្តព្រឹត្តិការណ៍ «បុណ្យភ្នំ» ពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ផងដែរ។

    គម្រោងស្ថាបនាស្ពានបេតុង២កន្លែង អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះរួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម ១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។

    ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់ស្ទើរ១០០%ហើយ ក្រោយបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។ ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ ព្រមទាំងដាក់ឱ្យដំណើរការប្រើប្រាស់ផ្លូវការនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: