Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការនគរបាលខេត្តកំពង់ធំ ណែនាំឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវបើកទ្វារ ២៤ ម៉ោងលើ ២៤ ម៉ោង រង់ចាំកិច្ចអន្តរាគមន៍ជូនប្រជាពលរដ្ឋ

    BY Liny Chan February 21, 2025
    ស្នងការនគរបាលខេត្តកំពង់ធំ ណែនាំឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវបើកទ្វារ ២៤ ម៉ោងលើ ២៤ ម៉ោង រង់ចាំកិច្ចអន្តរាគមន៍ជូនប្រជាពលរដ្ឋ

    (កំពង់ធំ)៖ ថ្លែងនាឱកាសចុះពិនិត្យ និងសាកសួរសុខទុក្ខកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ស្រុក ប្រាសាទសំបូរ និងស្រុកសណ្ដាន់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានណែនាំឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវបើកទ្វារ ២៤ ម៉ោងលើ ២៤ ម៉ោង រង់ចាំកិច្ចអន្តរាគមន៍ជូនប្រជាពលរដ្ឋ។

    លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវពង្រឹងការគ្រប់គ្រងប្រមូលផ្ដុំ ដឹកនាំកងកម្លាំងអនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ សាមគ្គីភាពឯកភាពផ្ទៃក្នុង កសាងជំរុំជំរកកន្លែង​ស្នាក់នៅ​ប្រចាំការ បំរើសេវារដ្ឋបាលជូនប្រជាពលរដ្ឋពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង ៧យ៉ាង ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ តំបន់ងាយរងគ្រោះ លើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ។

    លោកបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវរៀបចំវេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ទទួលយកយោបល់របស់ ប្រជាពលរដ្ឋនូវបញ្ហាប្រឈមក្ដីកង្វល់​ដើម្បីធ្វើការដោះស្រាយឲ្យ​បានទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់ ពង្រឹងចលនាប្រជាការពារឃុំនីមួយៗ បំផុសចលនាឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

    លោកបន្តទៀតថា មន្ត្រីប៉ុស្តិ៍បន្តចុះតាមខ្នងផ្ទះ ចែកលេខទូរស័ព្ទសមត្ថកិច្ចសម្រាប់អន្តរាគមន៍ បន្តធ្វើអំពីល្អ ផ្ដល់ទំនុកចិត្ត ភាពកក់ក្តៅប្រជាពលរដ្ឋ ពង្រឹងជាប្រចាំ ការល្បាតត្រួតពិនិត្យភូមិសាស្ត្រ តាមគោលដៅងាយរងគ្រោះគ្រប់គ្រងថែរក្សាទ្រព្យរដ្ឋឲ្យបានគង់វង្ស ។

    សូមបញ្ជាក់ដែរថា ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តចុះត្រួតពិនិត្យកំពុងដំណើរការសាងសង់ និងត្រៀមសាងសង់ នាពេលខាងមុខរួមមាន៖ ស្រុកប្រាសាទសំបូរ មានប៉ុស្តិ៍នគរបាលរដ្ឋបាលគោល, ស្រុកសណ្តាន់ មានប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ប៉ុស្តិ៍នគរបាលរដ្ឋបាលក្លែង ប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្ដាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលមានរិទ្ធ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទំរីង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: