Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលយកការរិះគន់លើបណ្ដាញសង្គម ពាក់ព័ន្ធការផាកពិន័យអ្នកបើកបរលើសល្បឿនកំណត់ និងបំភ្លឺតាមទិដ្ឋភាពច្បាប់ តែអំពាវនាវឲ្យពលរដ្ឋចូលរួមគោរពច្បាប់ ដើម្បីការពារអាយុជីវិត

    BY Liny Chan February 27, 2025
    អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលយកការរិះគន់លើបណ្ដាញសង្គម ពាក់ព័ន្ធការផាកពិន័យអ្នកបើកបរលើសល្បឿនកំណត់ និងបំភ្លឺតាមទិដ្ឋភាពច្បាប់ តែអំពាវនាវឲ្យពលរដ្ឋចូលរួមគោរពច្បាប់ ដើម្បីការពារអាយុជីវិត

    (ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបំភ្លឺតាមទិដ្ឋភាពច្បាប់ ពាក់ព័ន្ធការបង្ហោះព័ត៌មានតាមបណ្ដាញសង្គម ចំពោះការផាកពិន័យអ្នកបើកបរល្មើសល្បឿន កំណត់តាមដងផ្លូវ ដែលកំណត់ដោយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបានធ្វើឲ្យសាធារណមតិមួយចំនួនតាមបណ្ដាញសង្គម មានការយល់ច្រឡំមកលើសកម្មភាពរបស់មន្ដ្រីនគរបាលចរាចរណ៍ ក្នុងការរឹតបន្ដឹងច្បាប់។

    ក្រៅពីបង្ហាញអ្វីដែលកំណត់ដោយច្បាប់ចំពោះការផាកពិន័យអ្នកល្មើសល្បឿនកំណត់ហើយនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានទទួលយករាល់មតិរិះគន់ទាំងឡាយណា ពាក់ព័ន្ធដល់ភាពអសកម្មរបស់មន្ត្រី នគរបាលចរាចរណ៍មួយចំនួន ដែលមានអាកប្បកិរិយាមិនសមរម្យ ល្មើសវិន័យ កងកម្លាំង ពុំមានក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញភារកិច្ច។ លើសពីនេះ បានប្ដេជ្ញាចិត្តថា នឹងធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ដើម្បីអនុវត្តវិន័យកងកម្លាំង និងមានវិធានការច្បាប់តាមកម្រិតនៃអំពើខុសឆ្គងរបស់មន្ដ្រីទាំងនោះ។

    អគ្គស្នងការដ្ឋាននគរបាលជារិ ស្នើឲ្យប្រជាពលរដ្ឋ សហការផ្ដល់ព័ត៌មានរាល់សកម្មភាពខុសឆ្គងទាំងឡាយណាដែលប្រព្រឹត្តដោយមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ លេខ ១១៧ និង/ឬទំនាក់ទំនងមកក្រុមការងារប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ តាមរយៈលេខទូរស័ព្ទ ០១២ ៩៩១ ៥៥១ និងលេខ ០៧៦ ៧៧៧ ៧៧៣២។

    អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏សូមអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនៅទូទាំងប្រទេស សូមចូលរួមអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតរបស់យើង គ្រួសារយើង ក៏ដូចជាអាយុជីវិតជនគ្រប់រូប ក្នុងសង្គម ព្រមទាំងរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសេចក្តីថ្លៃថ្នូរជូនសង្គមជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: